(ភ្នំពេញ)៖ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី អនុប្រធាន គ.ជ.គ.ម. និងជាអគ្គលេខាធិការ បានវាយតម្លៃថា វេទិកាជាតិស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ត្រូវបានដំណើរការឡើងវិញ ប្រកបដោយកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលប្រមូលនូវធាតុចូលជាច្រើនបម្រើដល់ការវាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តក្របខណ្ឌការងារសេនដាយ២០១៥-២០៣០។
ការវាយតម្លៃបែបនេះរបស់លោក ឡាំ ហេងហួត បានធ្វើឡើងក្នុងពិធីបិទវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ក្រោមប្រធានបទ «វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា» នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះលោក ឡាំ ហេងហួត ក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសរបស់ គ.ជ.គ.ម. រួមសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ ដែលបានរៀបចំ «វេទិកាជាតិស្ដីពីការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយលើកទី២៩» ទទួលបានជោគជ័យ និងទទួលបាននូវលទ្ធផលដែលរំពឹងទុក។
លោក ឡាំ ហេងហួត បានថ្លែងថា ស្របតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានលើកឡើងក្នុងពិធីបើក គឺគិតត្រឹមឆ្នាំ២០១៥ វេទិកាជាតិ ស្ដីពីការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ត្រូវបានរៀបចំដល់លើកទី២៨ និងត្រូវបានផ្អាកដោយសាវកត្តាចាំបាច់មួយចំនួន។ ក្រោមការយកចិត្តទុកដាក់ពីសំណាក់នាយឧត្ដមសេនីយ៍ គន់ គីម វេទិកាជាតិស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានចាប់ផ្តើមដំណើរការសារជាថ្មីចាប់ពីឆ្នាំ២០២២នេះតទៅ។
មន្ត្រីជាន់ខ្ពស់ គ.ជ.គ.ម រូបនេះ បានបញ្ជាក់ថា វេទិកាជាតិស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លើកទី២៩ ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃនេះ គឺស្របពេលប្រទេសកម្ពុជា កំពុងអនុវត្តសកម្មភាពកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ក្រោមក្របខ័ណ្ឌការងារសេនដាយ២០១៥-២០៣០ ដែលពេលនេះការអនុវត្តបានប្រព្រឹត្តទៅពាក់កណ្ដាលអាណតិ ទើប គជ.គ.ម. បានសម្រេចកំណត់យកប្រធានបទ «វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារ សេនដោយ របស់ព្រះរាជាណាចក្រកម្ពុជា»។
រយៈពេលមួយថ្ងៃពេញ មានបទបង្ហាញផ្សេងៗ ដែលរួមមាន៖ បទបង្ហាញស្ដីពីសមិទ្ធផលសម្រេចបានសំខាន់ៗ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, បទបង្ហាញរបស់តំណាងកងរុករកសង្គ្រោះ, បទបង្ហាញរបស់តំណាងស្ត្រីឆ្នើម លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, បទបង្ហាញរបស់តំណាងអង្គការដៃគូ ដែលជាការចែករំលែក និងធ្វើបច្ចុប្បន្នភាព លើលទ្ធផលការងារដែលយើងបានអនុវត្ត។
ទន្ទឹមនឹងនេះដែរ លោក ឡាំ ហេងហួត ក៏បានគាំទ្រលើរបាយការណ៍បូកសរុបនៃការពិភាក្សាលើប្រធានបទទាំង៥ ដែលបានឃើញថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល ថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា អង្គការដៃគូទាំងអស់ និងវិស័យឯកជនបានអនុវត្តសកម្មភាព និងសម្រេចបានសមិទ្ធផលជាច្រើនជុំវិញការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្លើយតបទៅនឹងក្របខ័ណ្ឌការងារសេនដាយ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០។
លោក ឡាំ ហេងហួត បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅមានកិច្ចការជាច្រើនទៀតត្រូវធ្វើបន្ទាប់ពីទទួលបាននូវធាតុចូលទាំងនេះ ដោយយើងត្រូវបន្តសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ និងរៀបចំធាតុចូលទាំងនេះឱ្យស្របតាមគោលការណ៍ណែនាំរបស់ភ្នាក់ងារសហប្រជាជាតិទទួលបន្ទុកការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕