
រថយន្តដឹកសាំងបុកបង្គោលភ្លើងបាក់រលំ ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ
24-05-2016 08:37
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភានេះថា នៅម៉ោង១២៖២២នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជា បានធ្វើការផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនី នៅអនុស្ថានីយទី៥ (GS5-F4) ជាបណ្តោះអាសន្ន នៅតំបន់មួយចំនួនដែលស្ថិតនៅភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង់ ភូមិព្រៃថ្លា សង្កាត់ក្រាំងធ្នង់ និងភូមិម្លូផ្អែម សង្កាត់គោករការ ខណ្ឌសែនសុខ និងភូមិសាក់ប្រយុទ្ធ ភូមិស្រែជះ សង្កាត់ស្នោរ និងភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យក្រុមការងារអគ្គិសនីកម្ពុជា ធ្វើការផ្លាស់ប្តូរបង្គោលភ្លើង តង់ស្យុងមធ្យម (MV) ថ្មី ដែលរថយន្តដឹកប្រេងឥន្ធនៈ បានបើកទាក់ខ្សែទាញបង្គោលភ្លើងឲ្យបាក់។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅពេលនេះក្រុមការងារ និងខិតខំធ្វើការផ្លាស់ប្តូរ ជួសជុលដើម្បីអតិថិជនឆាប់ មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ ដូច្នេះសាធារណជន និងប្រជាពលរដ្ឋនៅតំបន់ខាងលើអាធ្យាស្រ័យ ចំពោះបញ្ហានេះ៕