(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានសហការជាមួយមួយនគរបាលប៉ុស្តិ៍ព្រះពន្លា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះអប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងលក់ផលិតផលសុីហ្សា និងបារីអេឡិចនិច នៅផ្លូវចូលផ្សាររាត្រី ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មិនឱ្យលក់បន្តទៀត។

លោកវីរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសេរីសោភ័ណ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកក្កដានេះថា កម្លាំងរបស់លោកបានដកហូតវត្ថុតាងរួមមាន៖ ឧបករណ៍ និងវត្ថុ ដែលពាក់ព័ន្ធការប្រើប្រាស់សុីហ្សា និងបារីអេឡិចត្រូនិច, ម៉ាស៊ីន YOOZ ចំនួន ៤៣គ្រឿង, ម៉ាស៉ីន Vape ចំនួន ៥គ្រឿង, ទឹកថ្នាំ Vape ចំនួន ៩ដប, ទឹកថ្នាំ YOOZ ចំនួន ៨ប្រអប់ និងសំឡី ចំនួន ៦ប្រអប់។

ម្ចាស់ទីតាំងលក់ផលិតផលសុីហ្សា និងបារីអេឡិចត្រូនិចខាងលើមានឈ្មោះ ឡុង គឹមជា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងតែនាំដល់កម្លាំងនគរបាលក្រោមឱវាទទាំងអស់ ចុះធ្វើការស្រាវជ្រាវរុករកទីតាំងណាដែលលួចលាក់ ចែកចាយ និងប្រើប្រាស់ ផលិតផលសុីហ្សា និងបារីអេឡិចទ្រនិចនេះ ត្រូវចុះបង្ក្រាបជាបន្ទាន់។

ក្នុងនោះឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចេញបំរាមការធ្វើអាជីវកម្ម និងការនាំចូលផលិតផលសុីហ្សា និងបារីអេឡិចត្រូនិច ត្រូវទប់ស្កាត់ជាបន្ទាន់, មិនត្រូវផ្ដល់ទីតាំង ឬកន្លែងប្រើប្រាស់ សុីហ្សានិងបារីអេឡិចត្រូនិច គ្រប់រូបភាពណាក៏ដោយ បើនៅតែបន្តលួចលាក់ធ្វើអាជីវកម្មបារីឡិចត្រូនិច ឬឧបករផ្សេងៗទៀត ដែលច្បាប់ហាមឃាត់សមត្ថកិច្ច និងយកម្ចាស់ទីតាំងទាំងអស់អនុវត្តទៅតាមច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានផងដែរ៕