(កំពង់ធំ)៖ អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ លោក សាយ គឹមឡម បានព្រមានធ្ងន់ធ្ងន់ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលតែងតែបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសង និងបទល្មើសគ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការព្រមាននេះធ្វើឡើងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុកស្ទោងក៏បានព្រមានធ្ងន់ៗដល់មេប៉ុស្តិ៍រដ្ឋបាលដែលតែងតែបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសង និងបទល្មើសគ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបានចោទជាសំណួរថា «តើប៉ុស្តិ៍នគរបាលរដ្ឋបាលបានដឹងរឿងនេះទេ? តើប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវការកម្លាំងប៉ុន្មានអ្នកដើម្បីបង្ក្រាប?» លោកបានបញ្ជាក់បន្ថែមថា បើកម្លាំងសព្វថ្ងៃមិនទាន់គ្រប់ លោកនឹងជួយប្រើកម្លាំងសរុប និងមធ្យោបាយសរុប ប៉ុន្តែលោកចង់ឲ្យប៉ុស្តិ៍រដ្ឋបាលបង្ហាញសមត្ថភាពសិន។
ជាមួយនេះ លោកអភិបាលស្រុកក៏បានឲ្យមេឃុំគ្រប់ឃុំ ត្រូវធ្វើកិច្ចការរបស់ខ្លួនដោយការទទួលខុសត្រូវម្ចាស់ការ ពិសេសត្រូវចេះសហការជាមួយកងកម្លាំងមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើស ឬសកម្មភាពអាណាធិបតេយ្យ ការប៉ះពាល់បរិស្ថាន និងរបៀបរៀបរយសង្គមព្រមទាំងសណ្តាប់ធ្នាប់សាធារណៈជាដើម។
លើសពីនេះ លោក សាយ គឹមឡម បានជំរុញដល់គ្រប់បណ្ដាឃុំ ពិសេសការិយាល័យសុខាភិបាលស្រុកស្ទោង និងមណ្ឌលសុខភាព ត្រូវសហការក្នុងការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ពីព្រោះពេលនេះមានស្ថិតិអ្នកចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ ដូសទី៤ ដូសទី៥ នៅកម្រិតទាបនៅឡើយ ហើយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រប់គ្នាផងដែរ៕