(ភ្នំពេញ)៖ ជនជាតិជប៉ុន បានបង្ហាញនូវការស្ញប់ស្ញែងជាខ្លាំងចំពោះទឹកចិត្តពោរពេញដោយការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះលោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពដោយការបាញ់ប្រហារកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនោះ។
មរណភាពរបស់លោក អាបេ បានធ្វើឱ្យព្រះមហាក្សត្រ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តែងនូវទឹកព្រះទ័យ និងទឹកចិត្តតក់ស្លុតក្តុកក្តួលសោកស្តាយអាឡោះអាល័យជាពន់ពេក។ សារចូលរួមរំលែកមរណទុក្ខបានធ្លាក់ជាបន្តបន្ទាប់ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការកាន់មរណទុក្ខមួយថ្ងៃ នៅថ្ងៃទី១០ ខែកក្កដា ថែមទៀតផង។
នៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ និងស្ថានកុងស៊ុលជប៉ុន ក្នុងខេត្តសៀមរាប គេបានឃើញវត្តមានថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមកពីតាមក្រសួងស្ថាប័ននានា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវសមានទុក្ខជាបន្តបន្ទាប់។
កាយវិការទាំងនេះ គឺជាការបង្ហាញឱ្យឃើញនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតរបស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ចំពោះលោក អាបេ។
លោក ថៃ ស៊ុស៊ុមុ បុរសជនជាតិជប៉ុន ដែលជាកុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំក្រុងសេនដាយ ប្រទេសជប៉ុន បានបង្ហាញនូវកាភ្ញាក់ផ្អើល និងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដែលបានសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅនេះ។
លោក ថៃ ស៊ុស៊ុមុ បានថ្លែងគូសបញ្ជាក់បែបនេះ «ខ្ញុំបានឮដំណឹងតាមសារព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន របស់រាជរដ្ឋាភិបាលកម្ពុជា លោកបានដឹកនាំក្រុមការងារ និងមន្ត្រីក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យកាន់ទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ។ ពេលឮដំណឹងនេះ ខ្ញុំមានអារម្មណ៍ថា ស្ញប់ស្ញែងនូវការគោរព នូវការស្រឡាញ់របស់ប្រជាជនកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សារភ្ជាប់បែបនេះ គឺធ្វើឱ្យខ្ញុំជាជនជាតិជប៉ុនម្នាក់ មានការភ្ញាក់ផ្អើលមែនទែន អរគុណចំពោះការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជាមែនទែន»។
លោក អាបេ ត្រូវបានគេដឹងថា ជាមេដឹកនាំជប៉ុនមួយរូប ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន។ លោក អាបេ បានប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងជប៉ុន និងកម្ពុជា ពីទំនាក់ទំនងធម្មតា ទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ លោក អាបេ ក៏ជាមេដឹកនាំជប៉ុនមួយរូប ដែលបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍ និងលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា ដោយលោកបានផ្តល់ជំនួយកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៣ផងដែរ។
លោក ថៃ ស៊ុស៊ុមុ បានឱ្យដឹងថា លោក អាបេ ពេលនៅកាន់តំណែងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញលើកម្ពស់ទំនាក់ទំនងជាមួយកម្ពុជា។
លោក ថៃ ស៊ុស៊ុមុ បានរំលឹកថា កាលពីឆ្នាំ២០១៨ នៅពេលលោកត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាកុងស៊ុលកិត្តិយសរបស់កម្ពុជា លោកទទួលបានឱកាសចូលជួបសម្តែងការគួរសមជាមួយលោក អាបេ និង លោក កូណូ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន។ ក្នុងជំនួបនោះ ក្រៅតែពីការអបអរសាទរហើយនោះ លោក អាបេ បានជំរុញរូបលោក ឱ្យប្រឹងប្រែងធ្វើការងារលើកម្ពស់ទំនាក់ទំនងកម្ពុជា និងជប៉ុន ជាពិសេសជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
«លោកនាយករដ្ឋមន្ត្រី អាបេ បានផ្តែផ្តាំខ្ញុំថា ឱ្យខិតខំប្រឹងប្រែងធ្វើការងារទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែល្អ ជាពិសេសជំរុញលើវិស័យវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្មជាដើម ដើម្បីឱ្យប្រទេសទាំងពីរផ្សារភ្ជាប់តាមរយៈស្ថានកុងស៊ុលរបស់ខ្ញុំ។ ខ្ញុំនៅចាំមិនភ្លេចនូវបាតដៃដ៏កក់ក្តៅរបស់លោក អាបេ បានចាប់ដៃខ្ញុំ ហើយផ្តែផ្តាំខ្ញុំ»។ នេះជាការរំលឹករបស់លោក ថៃ ស៊ុស៊ុមុ នូវសម្តីរបស់លោក អាបេ កាលពីនៅជានាយករដ្ឋមន្ត្រីជប៉ុន។
លោក ថៃ ស៊ុស៊ុមុ បានបង្ហាញការតាំងចិត្តរបស់ខ្លួនថា ទោះបីជាលោក អាបេ បានចែកឋានទៅកាន់សុគតិភពហើយក្តី តែលោកនៅតែបន្តបេសកកម្មតាមការផ្តែផ្តាំរបស់លោក អាបេ។ លោកបានបញ្ជាក់ដូច្នេះ «ពាក្យសម្តីរបស់គាត់ ខ្ញុំចងចាំជានិច្ច ហើយខ្ញុំ នឹងបន្តបេសកកម្មនេះរហូតដល់ទទួលបានជោគជ័យ ដើម្បីសម្រេចបំណងរបស់លោក»។
សូមបញ្ជាក់ថា លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។
លោក អាបេ មានអាយុ ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនចំនួនពីរលើក។ លើកទីមួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងលើកទីពីរពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០។ លោក អាបេ បានលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីមុនអាណត្តិនៅខែសីហា ឆ្នាំ២០២០ ក្រោមហេតុផលបញ្ហាសុខភាព។ លោក គឺជាមេដឹកនាំម្នាក់ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានយូរជាងគេ។
ទោះជាបានលាលែងចេញពីតំណែងក៏ពិតមែន តែលោក អាបេ នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយជប៉ុន ដោយសារតែភាពជោគជ័យនៃនយោបាយសេដ្ឋកិច្ច «Abenomics» របស់លោក។ លោកជាមនុស្សម្នាក់ដែលដឹកនាំយុទ្ធនាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ដែលបានអនុញ្ញាតឱ្យជប៉ុនអាចធ្វើសកម្មភាពយោធាជួយដល់សម្ព័ន្ធមិត្ត ជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិជប៉ុន។
សម្រាប់ទំនាក់ទំនងជាមួយកម្ពុជា លោក អាបេ បានឈានលើសពីទំនាក់ទំនងរវាងប្រទេស និងប្រទេស ពោលគឺបានឈានដល់ទំនាក់ទំនងរវាងបុគ្គលរបស់លោក ជាមួយមេដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះគេចាំបានថា កាលពីខែសីហា ឆ្នាំ២០១៧ ពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ទទួលបានការធ្វើឱ្យភ្ញាក់ផ្អើលដោយនំខួបកំណើតរៀបចំដោយលោក អាបេ ថែមទៀតផង។ កាយវិការនោះ បង្ហាញឱ្យឃើញនូវចំណងទំនាក់ទំនងជ្រាលជ្រៅ និងស្និទ្ធស្នាលមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាបេ។
តាមរយៈទំនាក់ទំនងផ្សារភ្ជាប់ដោយមនោសញ្ចេតនាផ្ទាល់ខ្លួន បានធ្វើឱ្យលោក អាបេ ក្លាយទៅជាមេដឹកនាំជប៉ុនមួយរូប ដែលបានដាក់ចេញនូវគោលនយោបាយការទូតជាច្រើនជំរុញនូវទំនាក់ទំនងជាមួយប្រទេសកម្ពុជា រួមចំណែកជួយកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមពីលើមរតកនៃទំនាក់ទំនងប្រទេសទាំងពីរពីអតីតកាល។
ក្នុងតំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០១៣។ តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាពេលនោះ លោកបានសម្រេចផ្តល់ជំនួយជួយកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងជំនួយអភិវឌ្ឍន៍មួយចំនួនផ្សេងទៀត។
ក្នុងកំលុងពេលនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសការកាន់តំណែងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ លោក អាបេ បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។ ក្នុងនោះលោកបានធ្វើឱ្យទំនាក់ទំនងកម្ពុជា ក្លាយពីទំនាក់ទំនងធម្មតាទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៣។ បន្ថែមពីលើនោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងជប៉ុន បានរីកធំធាត់ជាបន្តបន្ទាប់ផងដែរ៕