(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយមន្រ្តីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ចុះសួរសុខទុក្ខគ្រួសារកុមារពិការបងប្អូនក្រីក្រ ឈ្មោះ ដូរ ចាន់វិសាល អាយុ១៣ឆ្នាំ រៀនថ្នាក់ទី ៥ និងប្អូនប្រុសឈ្មោះ ដូរ ចាន់សិទ្ធ អាយុ៩ឆ្នាំ រៀនថ្នាក់ទី១ រស់នៅក្នុងភូមិកោះគ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
បច្ចុប្បន្នកុមារទាំងពីរនាក់ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលោកយាយជាអ្នកជួយបីបាច់ថែរក្សារាល់ថ្ងៃ។ បន្ថែមពីនេះទៀត ដោយមានការពិបាកក្នុងការធ្វើដំណើរ កុមារទាំងពីររូបក៏មានបំណងបោះបង់ការសិក្សារបស់ខ្លួន។
ក្នុងឱកាសចុះសួរសុខទុក្ខជាមួយ ក្រុមគ្រួសារនៃកុមារពិការបងប្អូនទាំងពីរនាក់នោះ លោកស្រីអគ្គលេខាធិការរងទី១ បានជម្រាបជូននូវប្រសាសន៍ផ្តាំសួរសុខទុក្ខ និងក្តីអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងការកោតសរសើរដល់ឪពុកម្តាយ និងជីដូន ចំពោះការតស៊ូរបស់ពួកគាត់ ដែលបានខិតខំប្រឹងប្រែងថែរក្សាកុមារ ដ៏កំសត់ទាំងពីររូបនេះ។
លោកស្រីអគ្គលេខារងទី១ ក៏បានលើកទឹកចិត្តដល់ លោកឪពុក អ៊ុក រីដូរ អាយុ៣៤ឆ្នាំ ដែលមានមុខរបរជាកម្មកររោងចក្រ និងលោកស្រី គយ ផល អាយុ៣៦ឆ្នាំ ដែលជាម្តាយរបស់កុមារទាំងពីររូបនោះ សូមបន្តបង្កលទ្ធភាពដល់កូនទាំងពីរ ឲ្យបានសិក្សាថែមទៀត ដើម្បីឲ្យមានអនាគតល្អដល់ពេលពួកគេពេញវ័យ ដោយក្នុងនោះកាកបាទក្រហមកម្ពុជា នឹងពិភាក្សាជាមួយមន្រ្តីសាខារបស់ខ្លួន ដើម្បីស្វែងរកគ្រូបង្ហាត់ស្ម័គ្រចិត្ត ឲ្យជួយបង្ហាត់ដល់ពួកគេទាំងពីរនៅ ផ្ទះផ្ទាល់តែម្តង។
អំណោយដែលត្រូវចែកជូន ក្នុងពេលនោះរួមមាន៖ រទេះជនពិការ ២ អង្ករ៦០គីឡូ ត្រីខ២កេស មី២កេស សម្ភារ:ឃីត២ឈុត (មុង សារុង និងភួយ) និងថវិកា១លានរៀល។ បន្ថែមពីនេះទៀត លោក ឃឹម សោភ័ណ្ឌ ប្រធានគណ:ពង្រឹងឃុំរការខ្ពស់ ក៏បានចូលរួមឧបត្ថម្ភថវិកាបន្ថែមចំនួន២០ម៉ឺនរៀល ជូនដល់កុមារពិការបងប្អូនទាំងពីរផងដែរ។
បន្ទាប់មកទៀត លោកស្រីអគ្គលេខារងទី១ និងក្រុមការងារក៏បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ធិត ប្រធានកាកបាទក្រហមកម្ពុជា ជាស្បៀង សម្ភារ: និងថវិកា ដល់ចាស់ជរា គ្រួសារក្រីក្រ និងជនគ្មានទីពឹងមានជម្ងឺធ្ងន់ធ្ងរ ដែលកំពុងជួបការលំបាក់ចំនួន២០គ្រួសារ នៅតាមខ្នងផ្ទះ។
ក្នុងនោះ លោកស្រីអគ្គលេខាធិការរងទី១ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពីសុខុមាលភាពចាស់ជរា គ្រួសារក្រីក្រ និងជនគ្មានទីពឹងគ្រប់រូប ជាពិសេសលោកយាយ លោកតា ដែលមានជីវភាពលំបាកនៅតាមមូលដ្ឋាន។ បន្ថែមពីនេះទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកស្រីអគ្គលេខាធិការរងទី១ បានលើកទឹកដល់លោកយាយ លោកតា និងគ្រួសារក្រីក្រទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព និងសូមជូនពរឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារ។
ក្នុងនោះផងដែរ លោកស្រីអគ្គលេខាធិការរងទី ១ ក៏បានចុះសួរសុខទុក្ខជនគ្មានទីពឹង ដែលកំពុងមានជំងឺបូសថ្លើមយ៉ាងធ្ងន់ធ្ងរ ដែលកំពុងសម្រាកព្យាបាល នៅក្រោមចំការដើមស្វាយរបស់គេ។
អំណាយមនុស្សធម៌ដែលត្រូវចែកជូន ក្រុមគ្រួសារនីមួយៗរួមាន៖ អង្ករ៣០គីឡូ មី១កេស ត្រីខ១យួរ សម្ភារ:ឃីត១ (មុង សារុង និងភួយ) និងថវិកា១០ ម៉ឺនរៀលោ៕