(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានចាត់ទុកថា មរណភាពរបស់លោក Shinzo Abe គឺជាការបាត់បង់រដ្ឋបុរសស្នេហាជាតិមួយរូប របស់ប្រទេសជប៉ុន ដែលបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងអាណត្តិរបស់លោកជានាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន។
សូមជម្រាបថា លោក Shinzo Abe បានទទួលមរណភាពនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារអំឡុងពេលថ្លែងសុន្ទរកថាមួយ នៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន៕