(បាត់ដំបង)៖ គ្រឿងញៀនជាង១០គីឡូក្រាមរបស់ខេត្តចំនួន៣ ដែលបង្ក្រាបបាននាពេលកន្លងទៅ ត្រូវបានដុតកម្ទេចចោលនៅខេត្តបាត់ដំបង ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន «២៦ មិថុនា ២០២២» ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌»

ពិធីនេះបានរៀបចំធ្វើឡើងរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅឯបរិវេណអាកាសយានដ្ឋានវាលបែកចានក្រុងបាត់ដំបង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមានចូលរួមពីថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពង់ឆ្នាំង និងសាលាដំបូងខេត្តពោធិ៍សាត់ផងដែរ។

លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង៣ (ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង) បានថ្លែងថា ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន «២៦ មិថុនា ២០២២» គ្រឿងញៀនទម្ងន់សរុប ១០,៩៤៦.៦៥ក្រាម ដែលជាវត្ថុតាងបានរឹបអូសពីក្រុមឈ្មួញទុច្ចរិត តាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងនៃខេត្តទាំង៣ ត្រូវបានដុតបំផ្លាញចោល ចំពោះមុខមហាជន កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព និងសិស្សានុសិស្ស និស្សិត នៅឯទីតាំងប្រារព្ធពិធីផ្ទាល់តែម្ដង។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឡើងអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា ដោយបានបញ្ជាក់ នៅក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងលើផ្នែកព្យាបាលស្តារនីតិសម្បទា ការងារផ្សព្វផ្សាយអប់រំ និងការងារអនុវត្តច្បាប់ ដោយបានចាត់វិធានការតាមគ្រប់មធ្យោបាយ និងលទ្ធភាព ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលានូវរាល់ការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ ទាំងមកពីខាងក្រៅនិងនៅផ្ទៃក្នុងប្រទេស ហើយក្រុមឧក្រិដ្ឋជននិងជនល្មើសជា ច្រើននាក់ដោយរួមទាំង មេក្លោងធំៗ និងបណ្តាញជួញដូរគ្រឿងញៀនទាំងក្នុងស្រុក និងឆ្លងដែនមួយចំនួនត្រូវបានចាប់ខ្លួន និងយកមកផ្តន្ទាទោសទៅតាមច្បាប់។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានណែនាំបន្ថែមដល់អាជ្ញាធរក្រុងស្រុក ពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាយកចិត្តទុកដាក់ទៅលើ កិច្ចការបង្រ្កាបគ្រឿងញៀនឲ្យមានប្រសិទ្ធិភាព ដោយចាត់ទុកការបង្រ្កាបគ្រឿងញៀនជារឿងអាទិភាព ដោយត្រូវធ្វើយ៉ាងណាកុំឲ្យពួកជួញដូរនិងចែកចាយគ្រឿងញៀនរួចទោសបានឲ្យសោះ។

លោកក៏បានព្រមានមន្ត្រីពន្ធនាគារ និងមជ្ឈមណ្ឌលបន្សាបសារធាតុគ្រឿងញៀន ដាច់ខាតមិនឲ្យមានការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារ និងមជ្ឈមណ្ឌលបន្សាបសារធាតុគ្រឿងញៀន បើមានគ្រឿងញៀននៅក្នុងនោះហើយ គឺជាគ្រោះថ្នាក់ធំណាស់សម្រាប់សង្គមជាតិយើង ដែលបញ្ហានេះនៅខេត្តបាត់ដំបង មិនមានទេ តែយ៉ាងណាមិនត្រូវឲ្យមានករណីនេះឡើយ បើមាននឹងត្រូវមានវិធានការអនុវត្តតាមផ្លូវច្បាប់ ដោយមានការលើកលែងបានឡើយ។

លោកបានបញ្ជាក់ថា ការប្រើប្រាស់ ការចែកចាយគ្រឿងញៀននៅខេត្តបាត់ដំបង បើទោះបីជាមិនទាន់ដល់សញ្ញាមួយប្រកាស អាសន្នធ្ងន់ធ្ងរ តែបានមកដល់កន្លែងមួយដែលឲ្យយើងទាំងអស់គ្នា ត្រូវតែមានការប្រុងប្រយ័ត្ន ត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនឲ្យមកនៅតិចបំផុត និងបំបាត់ឲ្យអស់នៅពេលអនាគតផងដែរ៕