(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធី «បញ្ជ្រាបការយល់ដឹង ស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)» ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី សរុបចំនួន១០ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំ របស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដែលជាតួអង្គសំខាន់ត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខ។
លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការផ្តល់នូវសិទ្ធិអំណាចអនុវត្តថវិកា ទៅកាន់អង្គភាពថវិកា ឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបានស្របតាមគោលដៅ នៃការកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើវិមជ្ឈការអំណាចទៅកាន់អង្គភាពដែលមានសមត្ថភាព និងភាពជាម្ចាស់ពេញលេញក្នុងការរៀបចំចាត់ចែង និងអនុវត្តថវិកាបានដោយខ្លួនឯង។
លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២២ នេះ ព័ត៌មានទាញចេញពីប្រព័ន្ធ FMIS ត្រូវបានទទួលស្គាល់ថាជាប្រភពផ្លូវការតែមួយគត់ សម្រាប់ការអនុវត្តថវិកា និងប្រតិបត្តិការហិរញ្ញវត្ថុ ហើយប្រព័ន្ធ FMIS នេះ ជាប្រភពនៃព័ត៌មានថវិកា និងហិរញ្ញវត្ថុ ដែលអាចត្រូវបានទាញយកមកពិនិត្យ និង វិភាគបានទៅតាមតម្រូវការ ។
នាពេលថ្មីៗកន្លងមកនេះ ក្រុមការងារបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី១ សម្រាប់រដ្ឋបាលស្រុកចំនួន ៧៥ និងរដ្ឋបាលឃុំចំនួន១៨៥ ជាការសាកល្បង ក្នុងន័យជួយសម្រួល ដល់មន្ត្រីអនុវត្តថវិកានៃស្រុក និងឃុំ ក្នុងការស្នើសុំចំណាយ ឬ ទូទាត់ តាមរយៈការស្គែនឯកសារស្នើសុំ ភ្ជាប់តាមប្រព័ន្ធបញ្ជូនទៅកាន់រតនាគារខេត្តតែម្ដង ដោយមិនចាំបាច់ធ្វើដំណើរ ទៅផ្ទាល់ទៀតឡើយ។
ទន្ទឹមនេះ ក្រុមការងារ ក៏កំពុងតែធ្វើការអភិវឌ្ឍនូវកម្មវិធីថ្មីមួយទៀត ដោយប្រើប្រាស់ឧបករណ៍វ័យឆ្លាត (Business Intelligence Tools) ក្នុងការទាញយកទិន្នន័យចេញពីប្រព័ន្ធ FMIS ដោយរៀបចំចេញជាទម្រង់ព័ត៌មានវិភាគដែលមានលក្ខណៈសង្ខេប និង ជាក្រាហ្វ។
លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញបន្ថែមថ្មី សរុបចំនួន១០នាពេលឆាប់ៗខាងមុខនេះ គឺជាភាពជោគជ័យមួយថ្មីទៀត របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS បន្ទាប់ពីប្រព័ន្ធទំនើបកម្មមួយនេះ ត្រូវបានអភិវឌ្ឍ និង ដាក់ឲ្យប្រើប្រាស់ដោយជោគជ័យ នៅគ្រប់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួង-ស្ថាប័ន រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្ដាល និងអង្គភាពគន្លឹះៗ នៅតាមរាជធានី-ខេត្ត រួមមាន មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, រតនាគារ និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ រួមជាមួយនឹងកិច្ចការងារពាក់ព័ន្ធជាច្រើនទៀតដូចជា ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធពាក់ព័ន្ធ, ការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធទាំងស្រុង ដោយមិនមានការរត់ឯកសារខាងក្រៅ និងការអភិវឌ្ឍ និងដាក់ឲ្យដំណើរការមុខងារថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាពប្រើប្រាស់ និង កិច្ចការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវ និងបានលើកទឹកចិត្តដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី ដែលនឹងប្រើប្រាស់ប្រព័ន្ធ FMIS ឲ្យបន្តខិតខំក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS និងចូលរួមទាញ យកប្រយោជន៍ ពីប្រព័ន្ធឲ្យអស់សក្តានុពល ព្រមទាំងបន្តចូលរួមអនុវត្តសកម្មភាពគម្រោង ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីឲ្យសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និង ធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា៕