(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាដែលមាន លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជាស្ថាបនិក និងលោកស្រី យឹម ឆៃលីន ជាប្រធានកិត្តិយស ព្រមទាំងលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាល បានចូលរួមបរិច្ចាគថវិកា២,០០០ដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។
ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រសួង ស្ថាប័ន អង្គការ និងវិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះ។
ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពី សម្តេចទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៕