(ភ្នំពេញ)៖ រាជធានីភ្នំពេញ នឹងមានរោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ដែលមានទីតាំងលើដីសណ្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល។

ដើម្បីឲ្យដំណើរការនៃគម្រោងខាងលើនេះ ទទួលបានភាពជោគជ័យបំពេញបាននូវបំណងចង់បានរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យមើល ស្ថានភាពទឹកសណ្ដរស្ទឹង ព្រែកត្នោត បានដឹកនាំមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យ គម្រោងទីតាំងសាងសង់ស្ថានីយ ទឹកស្អាត របស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ។

បើតាមមន្ត្រី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា គម្រោងខាងលើនេះ មានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុង ឆ្នាំ២០២២ ដល់២០២៤។

រោងចក្រ ប្រព្រឹត្តិ កម្មទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋបាននៅភាគខាង លិចឆៀង ខាងត្បូងរាជធានីភ្នំពេញ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និង មួយផ្នែកទៀត ប្រើរហូតទៅដល់អាកាស យានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី ក្នុងខេត្តកណ្តាល និងខេត្តតាកែវមួយផ្នែកផងដែរ។

រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣ នឹងអាចឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង៣សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាពឲ្យកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន មានគុណបំណាច់ច្រើនណាស់ សម្រាប់ប្រជាជនកម្ពុជា រួមមាន៖ មានគុណរំដោះប្រជាពលរដ្ឋកម្ពុជា ឲ្យរួចពីការកាប់សម្លាប់របស់ប៉ុលពតនៅថ្ងៃ៧ មករា ១៩៧៩, បានការពារជីវិតប្រជាពលរដ្ឋកម្ពុជាម្តងទៀតពីកូវីដ-១៩ និងសម្តេចបានគិតគូរធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត តាមរយៈការបង្កើតឲ្យមានរោងចក្រ ផលិតទឹកស្អាតនេះឯង៕