(ភ្នំពេញ)៖ សិស្ស និស្សិត និងយុវជន នៅតាមគ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជនជាច្រើននាក់ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងលើសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការហាមឃាត់ការការផ្សព្វផ្សាយ ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការ ជាមួយឧស្សាហកម្មថ្នាំជក់ នៅតាមគ្រឹះស្ថានសិក្សា និងបានអះអាងថា ថ្នាំជក់ពិតជាបានបំផ្លាញនូវសុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ជាពិសេសធ្វើឱ្យខាតបង់ថវិកាជាតិជាច្រើន ក្នុងការព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ។
ក្រុមយុវជនបានអះអាងដូចនេះ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្នុងវេទិការប្រកួតនិយាយជាសាធារណៈ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ៖ ហេតុអ្វីបានជាគ្រឹះស្ថានអប់រំ មិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រីវេជ្ជបណ្ឌិត ឆាយ គីមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) រួមទាំងមាន សិស្ស និស្សិត ចូលរួមជាច្រើននាក់ផងដែរ។
សូមជម្រាបដែរថា ការផ្ដួចផ្ដើមការហាមឃាត់កិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់ របស់ក្រសួងអប់រំ យុវជន និងកីឡា គឺជាការរួមចំណែក ក្នុងការអនុវត្តអនុសញ្ញាស្តីពី ការត្រួត ពិនិត្យ ថ្នាំជក់ដែលកម្ពុជាគឺជារដ្ឋភាគីផងដែរ។ គួរបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជា ស្លាប់ ១៥ ០០០នាក់ ជារៀងរាល់ឆ្នាំ បណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ ហើយកម្ពុជាខាត់បងថវិកាប្រមាណ ៦៤៩លានដុល្លារ សហរដ្ឋអាមេរិក (យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ)។
សិស្ស និស្សិត និងយុវជន បានអះអាងទៀតថា ក្រុមហ៊ុនថ្នាំជក់ មានចេតនាទាក់ទាញឱ្យមានការប្រើប្រាស់ថ្នាំជក់ តាមរយៈការផ្សាយពាណិជ្ជកម្មថ្នាំជក់ ការបង្កើត ផលិតផលជំនាន់ថ្មី ដែលទាក់ទាញខ្លាំងចំពោះយុវជន និងការធ្វើសកម្មភាពឧបត្ថម្ភនានា រួមទាំងការបង្កើតទំនាក់ទំនងសាធារណៈក្នុងគ្រឹះស្ថានសិក្សា និងស្ថាប័ន ដទៃទៀត ដើម្បីបិទបាំងពីផលអាក្រក់នៃការប្រើប្រាស់ថ្នាំជក់ផងដែរ។
ក្រុមយុវជន បានបន្ថែមទៀតថា តាមរយៈការសិក្សាស្រាវជ្រាវ នៅក្នុងថ្នាំជក់ គឺមានសារធាតុគីមីជាង ៤ពាន់ប្រភេទ ដែលអាចបង្ករជាជំងឺមហារីក ជំងឺដាច់សរសៃ ឈាមខួរក្បាល ជំងឺបេះដូង ជំងឺមហារីកសួត និងជំងឺរលាកផ្លូវដង្ហើមរ៉ៃរៃ ហើយក្រៅពីនេះក៏អាចធ្វើឱ្យអ្នកប្រើប្រាស់ជ្រុះសក់ ហើមសួត ប៉ះពាល់ដល់ការបន្តពូជ និងជំងឺ ផ្សេងៗជាច្រើនទៀត ដែលយើងគ្រប់គ្នាគួរជៀសវាងឱ្យបានពីការប្រើប្រាស់ថ្នាំជក់ ក៏ដូចជានៅឱ្យឆ្ងាយពីអ្នកប្រើប្រាស់ថ្នាំជក់ផងដែរ។
សូមបញ្ជាក់ដែរថា នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅអាគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនឆ្នើម ទាំង១០រូប ដែលត្រូវបានជ្រើសរើសចេញពីជាង ៣០០នាក់ មកពីរាជធានីខេត្ត រួមមាន៖ បេក្ខជនឆ្នើមមកពីវិទ្យាល័យជំនាន់ថ្មីគោកព្រីង ខេត្តស្វាយរៀង, វិទ្យាល័យ ទួលទំពូង រាជធានីភ្នំពេញ, វិទ្យាល័យសម្តេចឪសម្តេចម៉ែ ខេត្តរតនគីរី, សាលា CIAFIRST រាជធានីភ្នំពេញ, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សាកលវិទ្យា ល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងរាជបណ្ឌិត្យសភាកម្ពុជា បេក្ខជនឆ្នើមទាំង៥រូប នឹងត្រូវជ្រើសរើសទៅវគ្គផ្តាច់ព្រ័ត្រ៕