(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់បណ្តាស្រុក ក្នុងខេត្តកោះកុង ដែលមានលំនៅដ្ឋាននៅតាមឆ្នេរសមុទ្រ មាត់ព្រែក តាមជ្រលងភ្នំដងស្ទឹង ត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះអាកាសធាតុទាប់មានភ្លៀងព្យុះធ្លាក់យ៉ាងខ្លាំងជាប់ប្រចាំរាល់ក្នុងរយៈពេលប៉ុន្មានសប្តាស៍នេះ បណ្តាលឱ្យមានជំនន់ទឹកភ្លៀង។

ជាមួយគ្នានេះដែរ លោកស្រីអភិបាលខេត្ត ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បើមានហេតុការណ៍អ្វីចាំបាច់ត្រូវជូនដំណឹងភ្លាមៗដល់អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ស្រុក ឬខេត្តជាបន្ទាន់ បន្ថែមពីនេះត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅកុំឱ្យលេងទឹកភ្លៀង ឬហែលទឹកលេងតាមដងព្រែក វាអាចបណ្តាលមានគ្រោះថ្នាក់ដល់អាយុជីវិត។

ក្នុងនោះលោកស្រី មិថុនា ភូថង ក៏បានអំពាវនាវបន្ថែមដល់ប្រជានេសាទ ត្រូវផ្អាក់ចេញនេសាទលើផ្ទៃសមុទ្រ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងដោយសារបញ្ហាអាកាសធាតុ ដែលនាំឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិត។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកក្កដានេះថា ចំពោះទឹកជំនន់លេចភូមិលំនៅដ្ឋានប្រជាពលរដ្ឋខាងលើ ដោយសារសម្ពាធអាកាសទាប់មានព្យុះភ្លៀងខ្យល់កន្ត្រាក់នេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់អាយុជីវិត ឬខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋទេគ្រាន់មានការបាត់បង់សត្វមាន់ទា របស់ពួកគាត់មួយចំនួនតែប៉ុណ្ណោះ។

បន្ថែមពីនេះលោកអភិបាលស្រុក បានអំពាវដល់អាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ ត្រូវប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋត្រូវតាមដ្ឋានចំពោះមូលដ្ឋានរបស់ខ្លួនឱ្យបានជាប់ជានិច្ចមិនថាយប់ ឬថ្ងៃឡើយ ហើយបើមានហេតុការណ៍ណាមួយចាំបាច់ត្រូវផ្តល់ព័ត៌មានជូនអាជ្ញាធរស្រុក ឬខេត្តជាបន្ទាន់ ដើម្បីងាយស្រួលក្នុងរំដោះប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព។

ក្នុងនោះលោកអភិបាលស្រុក ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះកូនចៅកុំ ឱ្យលេងទឹកភ្លៀង ឬហែលទឹកលេងតាមដងព្រែកខ្លាចបង្កគ្រោះថ្នាក់នាំឱ្យមានវិប្បសារីក្នុងគ្រួសារ។

លោកបានបន្ត ទោះបីមានគ្រោះទឹកជំនន់លិចលំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងណាក៏អាជ្ញាធរនៅតែបន្តចុះសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋជាប់ជានិច្ច និងបានផ្តល់នូវថវិកាមួយចំនួនជូនដល់ពួកគាត់ ដើម្បីដោះស្រាយក្នុងជីវភាពគ្រួសារ៕