(មណ្ឌលគិរី)៖ តំណែងអធិការនគរបាលក្រុងសែនមនោរម្យ និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ខេត្តមណ្ឌលគិរី នឹងមានការផ្លាស់ប្តូរ នាពេលឆាប់ៗខាងមុខនេះ។ បើយោងតាមមន្រ្តីសមត្ថកិច្ចខេត្តមណ្ឌលគិរី ដែលសុំមិនបញ្ចេញឈ្មោះ បានលួចប្រាប់អង្គភាព Fresh News ។
សមត្ថកិច្ចដដែលនេះ បានបន្តទៀតថា ការរុះរើតំណែងមន្ដ្រី៦រូប ក្នុងនោះមានអធិការ២រូប ថ្នាក់មេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក២រូប និងមន្ដ្រី២រូបនៅស្នងការដ្ឋាននគរបាលខេត្ត។ បើតាមប្រភពព័ត៌មាន លោក ព្រឹល រ៉ាម៉ាណ អធិការនគបាលក្រុងសែនមនោរម្យ ឡើងទៅកាន់តំណែង ជានាយការិយាល័យនគបាលបច្ចេកទេស និងវិទ្យាសាស្រ្តជំនួស លោក ជុន វីណុង ដែលត្រូវចូលនិវត្តន៍ លោក កាន់ ពេញ អធិការនគបាលស្រុកកោះញែក នឹងត្រូវមកកាន់តំណែងជាអធិការនគបាលក្រុងសែនមនោរម្យជំនួស លោក ព្រឹល រ៉ាម៉ាណ វិញ លោក ខ្លូត សុឃា អធិការរងស្រុកកោះញែក នឹងត្រូវបានតែងតាំង ជាអធិការនគរបាលស្រុកកោះញែក ជំនួសលោក កាន់ ពេញ។ ចំណែកនៅវរសេនាតូចការពារព្រំដែនដីគោលលេខ៣០៣ និងលេខ៦២១ វិញមានការផ្លាស់ប្ដូរ លោក ស៊ាន ស៊ីវន មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនលេខ៣០៣ ទៅបំពេញការងារ ជានាយការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ជំនួសលោក ហង្ស ស៊ីម ដែលត្រូវចូលនិវត្តន៍ លោក ទិន ស៊ីន មេបញ្ជាការរង វរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៦២១ ត្រូវបានតែងតាំងចូលកាន់តំណែង ជាមេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៣០៣ ជំនួសលោក ស៊ាន ស៊ីវន វិញ និងលោក ម៉ុ ម៉ាឌិត នឹងស្នើសុំតែងតាំងទៅជាវរសេនីយ៍ត្រី ឱ្យចូលកាន់តំណែង ជាមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ជំនួសលោក ទិន ស៊ីន។
សម្រាប់តំណែងរបស់លោក ទិន ស៊ីន ជាមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោក៣០៣ និងលោក ខ្លូត សុឃា ដែលនឹងត្រូវតែងតាំងឱ្យឡើងកាន់តំណែងជាអធិការនគរបាល ស្រុកកោះញែក ព្រោះថាកាលពីមន្រ្តីទាំង២រូបនេះ នៅជាមេបញ្ជាការរងវរៈលេខ៦២១ មន្រ្តីទាំងពីរខាងលើបានជាប់ឈ្មោះជាមេឈ្មួញរកស៊ីឈើយ៉ាងធំ ហើយទីបំផុតទាំងពីររូប សុទ្ធតែត្រូវបានតែងតាំងឲ្យឡើងកាន់កន្លែងខ្លឹមៗ៕