(កំពង់ឆ្នាំង)៖ ព្រះសាសនសោភ័ណហឿម សុវណ្ណារ៉ា ព្រះរាជាគណៈ ថ្នាក់កិត្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាជំនួយការសាលាគណខេត្តកំពង់ឆ្នាំង តំណាងឱ្យព្រះចៅអធិការ ២៣២វត្ត ទូទាំងខេត្តកំពង់ឆ្នាំង បាននាំយក ទេយ្យទានរួមមានអង្ករ៖ ៣០០បេ, មី៣០០កេស, ត្រីខ៣០០យួរ, ទឹកត្រី៣០០យួរ, ទឹកស៊ីអ៊ីវ ៣០០យួរ និងបច្ច័យបួន ១.០៥០.០០០រៀល ប្រគេនដល់ព្រះ ទេពមុនី សុខ ថានព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគណខេត្តកំពង់ឆ្នាំង ទុកសម្រាប់ចែកជូនដល់ពលរដ្ឋងាយរងគ្រោះ។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដែលបានដឹកនាំដោយព្រះមេតិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស និងជាគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីព្រះចៅអធិការវត្តជាច្រើនអង្គទៀត និងដើម្បីជាការនិមន្តមកក្រាបថ្វាយបង្គំវន្ទាប្រតិបត្តិចំពោះ ព្រះមេគណខេត្តកំពង់ឆ្នាំង តាមទំនៀមទំលាប់ប្រពៃណីវិស័យព្រះពុទ្ធសាសនាមុននឹងថ្ងៃចូលកាន់ព្រះវស្សាផងដែរ។
ក្នុងឱកាសនោះព្រះទេពមុនី សុខ ថាន មានសង្ឃដីកាផ្តាំផ្ញើដល់ព្រះអនុគណស្រុក ព្រះមន្រ្តីសង្ឃស្រុក និងព្រះគ្រូចៅអធិការគ្រប់វត្ត ក្នុងស្រុក ត្រូវបន្តដឹកនាំ ព្រះសង្ឃ ក្រោមឱវាទឱ្យគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវតាមធម៌វិន័យនៃព្រះពុទ្ធសាសនា ដោយគោរពប្រតិបត្តិឱ្យបានតាមតួនាទី និងភារកិច្ចសហការ អភិវឌ្ឍន៍សមិទ្ធផល វិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ជាពិសេសក្នុងរយៈពេល៣ខែក្នុងពេលចូលព្រះវស្សា ត្រូវប្រតិបត្តិឱ្យបាន គឺមិនឱ្យនិមន្ត ទៅណាឡើយ លើកលែងតែមានភារកិច្ចចាំបាច់ដូចញោមមានជំងឺ និមន្តទៅសម្តែងធម៌ដោយរយៈពេល៧ថ្ងៃ ត្រូវនិមន្តមកវត្តវិញ។
ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ក៏បានថ្លែងនូវអំណរព្រះគុណដល់ព្រះអនុគណស្រុក ព្រះមន្រ្តីសង្ឃស្រុក និងព្រះគ្រូចៅអធិការគ្រប់វត្ត ក្នុងស្រុករលាប្អៀរ ដែលបានយកទេយ្យវត្ថុ និងបច្ច័យបួនមកប្រគេនព្រះអង្គនាពេលនេះ សម្រាប់ចែកជូនប្រជាពលរដ្ឋនៅថ្ងៃចំរើនព្រះជន្មព្រះអង្គ។
ព្រះទេពមុនី សុខ ថាន ក៏បានប្រគេនពរដល់ព្រះអនុគណស្រុក និងសហការី សូមមានព្រះសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ព្រះជន្មាយុយឺនយូរ និងសមប្រកប ដោយព្រះឧត្តមពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ដឹកនាំព្រះពុទ្ធសាសនា ក្នុងស្រុករលាប្អៀរ ឱ្យកាន់តែរីកចំរើន ជានិច្ចនិរន្តរ៍ កុំបីអាក់ខានឡើយ៕