(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្តី ទទួលបន្ទុក អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើង និងធ្វើបច្ចុប្បន្នកម្មលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាព ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ របស់ខ្លួន ស្របតាមក្របខ័ណ្ឌការងារសនដោយ ២០១៥-២០៣០ ដោយផ្តោតសំខាន់លើចំនួន៥ចំណុច។
ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺមានគុណប្រយោជន៍បង្ការនូវការខាតបង់នាពេលអនាគត ដូច្នេះ ហើយប្រសិទ្ធភាពពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយនឹងការខិតខំប្រឹងប្រែង របស់ក្រសួងស្ថាប័ន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនកន្លងមក លើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។
ក្នុងពិធីបើកវេទិកាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ក្រោមប្រធានបទ «វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា» នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងរួមមាន៖
ទី១៖ ការយល់ដឹង អំពីហានិភ័យគ្រោះមហន្តរាយគ្រប់ជ្រុងជ្រោយសម្រាប់ការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះថ្នាក់សម្រាប់ការអភិវឌ្ឍ និងការអនុវត្តត្រៀមរៀបចំសមស្របទៅនឹងការឆ្លើយតបគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព។
ទី២៖ ការពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយ ដើម្បីគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព និងការសម្របសម្រួលក្នុងវិស័យប្រទាក់ក្រឡា ដោយមានការចូលរួម និងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយលើការត្រៀមបង្ការ ការកាត់បន្ថយគ្រោះថ្នាក់ការត្រៀមរៀបចំការឆ្លើយតបការស្ដារឡើងវិញ និងការកសាងឡើងវិញ។
ទី៣៖ ការវិនិយោគក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទាំងផ្នែកសាធារណៈ និងឯកជនក្នុងការត្រៀមបង្ការ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ តាមរយៈវិធានការបែបរចនាសម្ព័ន្ធ និងមិនមែនរចនាសម្ព័ន្ធ ដែលជាគុណប្រយោជន៍ និងជាឧបករណ៍ សង្គ្រោះជីវិត បង្ការ និងកាត់បន្ថយការបាត់បង់។
ទី៤៖ ការត្រៀមរៀបចំ ទៅនឹងគ្រោះមហន្តរាយការកសាងឡើងវិញ និងការធ្វើឱ្យប្រសើរឡើងវិញ ដោយបង្ហាញពីមេរៀន និងបទពិសោធន៍ដែលទទួលបានពីអតីតកាល និងដំណោះស្រាយជាគន្លឹះ ដើម្បីឱ្យធ្វើប្រទេសជាតិ និងសហគមន៍ធន់នឹងគ្រោះមហន្តរាយ។
និងទី៥៖ កិច្ចសហការក្នុងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដែលជាស្នូលក្នុងការ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង បង្កើនប្រភពធនធាន និងសមត្ថភាពបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យា ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕