(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហើបឱ្យដឹងថា លោកគ្រោងស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពទិញឧបករណ៍ការពាររន្ទះបាញ់ ដាក់នៅតាមទីតាំងកើតមានបាតុភូតរន្ទះបាញ់ច្រើន ដើម្បីការពារអាយុជីវិតរបស់ប្រជាជន។
បំណងនៃការដំឡើងប្រព័ន្ធការពាររន្ទះនៅតាមកន្លែងមានរន្ទះបាញ់ច្រើននេះ បន្ទាប់ពីការពិនិត្យឃើញថា មានប្រជាពលរដ្ឋ រួមទាំងសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋជាច្រើន បានដោយសារគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់នេះ។
បន្ថែមពីលើនេះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំបន្ថែមដល់អគ្គលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង រួមជាមួយអង្គការដៃគូនានា ត្រូវចាប់អារម្មណ៍ឱ្យបានខ្លាំងក្លាបន្ថែមទៀតចំពោះកន្លែង និងទីតាំងដែលតែងតែកើតមានបាតុភូតធម្មជាតិនេះ ដើម្បីសំណូមពរដល់អង្គការដៃគូបំពាក់ឧបករណ៍ការពាររន្ទះ បញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសត្វចិញ្ចឹមរបស់ពួកគាត់។
ក្នុងពិធីបើកវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ក្រោមប្រធានបទ «វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហើបពីគម្រោងយ៉ាងដូច្នេះថា «ជារឿងចាំបាច់ ខ្ញុំចង់ពញ្ញាក់ស្មារតីទៅដល់អង្គការដៃគូ រួមជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ហើយខាងខ្ញុំនៅឆ្នាំនេះ (២០២២) ក៏បានគ្រោងគិតអំពីថវិកាជាតិ ដើម្បីស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាព ដោះស្រាយបញ្ហានេះ ព្រោះនេះជាអាយុជីវិតរបស់ប្រជាជន»។
ជុំវិញករណីគ្រោះធម្មជាតិដោយសាររន្ទះបាញ់ ដែលជាឃាតកសម្លាប់ជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់នេះដែរ, ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា គ្រោះថ្នាក់ធម្មជាតិនេះ បានកើតមាននៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តសៀមរាប គឺតែងតែមានករណីគ្រោះធម្មជាតិដោយសាររន្ទះបាញ់សម្លាប់ជីវិតរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ ដូច្នេះដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ អភិបាលខេត្តសៀមរាប ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានទិញឧបករណ៍ការពាររន្ទះបាញ់ មកដាក់ជុំវិញភូមិសាស្ត្រទាំងនោះ ហើយរហូតមកពេលនេះ ករណីរន្ទះបាញ់សម្លាប់ជីវិតមនុស្សបានធូរស្រាលមួយកម្រិត។
ទន្ទឹមនឹងនេះដែរ ទេសរដ្ឋមន្ត្រី គន់ គីម ដែលជាថ្នាក់ដឹកនាំដ៏សកម្មមួយរូបលើភារកិច្ចរបស់ខ្លួននោះ បានបញ្ជាក់ថា គ្រប់សកម្មភាព និងកិច្ចការងារទាំងអស់ គឺដើម្បីការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ដូច្នេះបញ្ហាគ្រោះធម្មជាតិរន្ទះបាញ់ ជាមុខសញ្ញាដ៏សំខាន់ដែលត្រូវទាមទារដោះស្រាយជាបន្ទាន់ផងដែរ។
ក្រៅពីបញ្ហាគ្រោះធម្មជាតិរន្ទះបាញ់ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលើកឡើងពីមុខសញ្ញាថ្មីៗបន្ថែមទៀត ដែលបង្កឡើងដោយមនុស្ស ជាហេតុនាំឱ្យមានគ្រោះមហន្តរាយដល់អាយុជីវិតរបស់ប្រជាពលរដ្ឋរួមមាន៖ គ្រោះថ្នាក់សំណង់អគារ បន្ថែមលើគ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ រួមទាំងគ្រោះថ្នាក់ផ្សេងទៀត ដែលកើតឡើងពីការអភិវឌ្ឍសំណង់អគារ ផ្លូវ ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាដើម។
បើតាមយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២២ គ្រោះថ្នាក់រន្ទះបាញ់កើតឡើងចំនួន ៦១លើក ធ្វើឲ្យខូចខាតផ្ទះ ១១ខ្នង ធ្វើឱ្យមនុស្សស្លាប់ ៣២នាក់ ធ្វើឱ្យមនុស្សរបួស ២៦នាក់ និងធ្វើឱ្យគោក្របីងាប់ ៦៩ក្បាល។
របាយការណ៍បានបន្តថា ៦ខែ ឆ្នាំ២០២២នេះដែរ ខ្យល់កន្ត្រាក់កើតឡើង ១០៨លើក ធ្វើឱ្យផ្ទះរលំ ៦៨៥ខ្នង ធ្វើឱ្យផ្ទះរបើកដំបូល ២៣៧៤ខ្នង ធ្វើឱ្យខូចខាតសាលារៀន ១៩ខ្នង ធ្វើឱ្យខូចខាតតូប/ផ្សារ ១៣កន្លែង ធ្វើឱ្យខូចខាតអគារដ្ឋបាល ៦កន្លែង ធ្វើឱ្យមនុស្សស្លាប់ ៣នាក់ និងធ្វើឱ្យមនុស្សរបួស ២៨នាក់។
របាយការណ៍ដដែលបានបន្ថែមទៀតថា ៦ខែ ឆ្នាំ២០២២នេះ អគ្គិភ័យកើតឡើង ២៥១លើក ធ្វើឱ្យខូចខាតផ្ទះ ៤៤៥ខ្នង ធ្វើឲ្យខូចខាតតូប/ផ្សារ ៤៦កន្លែង ធ្វើឱ្យខូចខាតឃ្លាំងទំនិញ ១៣កន្លែង ធ្វើឱ្យខូចខាតសាលារៀន ២ខ្នង ធ្វើឱ្យខូចខាតរោងចក្រ/សិប្បកម្ម ៦កន្លែង ធ្វើឱ្យខូចខាតអគាររដ្ឋបាល ២កន្លែង ធ្វើឱ្យខូចខាតចម្ការ/ព្រៃ ១កន្លែង ធ្វើឲ្យមនុស្សស្លាប់ ១១នាក់ និងធ្វើឱ្យមនុស្សរបួស ៣២នាក់៕