(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានរំលឹកសាជាថ្មីពីបំណងចង់ឃើញរដ្ឋាភិបាលអាមេរិក បន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ក្រោយប្រព័ន្ធនេះបានផុតកំណត់ កាលពីឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
ការរំលឹកនេះធ្វើឡើងដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៉ីបូព៌ា និងប៉ាស៉ីហ្វិក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឧបការីរដ្ឋមន្រ្តីការបរទេស Daniel Kritenbrink បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីពេញចិត្តចំពោះកំណើនជាលំដាប់នៅក្នុងវិស័យពាណិជ្ជកម្មទ្វេភាគី និងបានរំលឹកឡើងវិញជាថ្មីអំពីការអំពាវនាវរបស់លោក ឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែសេដ្ឋកិច្ច»។
សហរដ្ឋអាមេរិក ជាទីផ្សារធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជា នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធី នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលជាការធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង ៥,០០០មុខ។
ឆ្នាំ២០២១ គឺឆ្នាំដែលប្រទេសកម្ពុជា ត្រូវផុតកំណត់ហើយនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២០។
តួលេខរបស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ក្នុងឆ្នាំ២០២០ សម្រេចបានសរុបចំនួន ជាង៥ ៥០៩លានដុល្លារអាមេរិក កើនឡើង១៦.៨៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង៤ ៧១៣លានដុល្លារអាមេរិក។ កម្ពុជាបាននាំចេញ ទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៥,២៥៨លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង២៥០លានដុល្លារ។
ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្តគ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនីអេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
សូមជម្រាបដែរថា ក្នុងជំនួបជាមួយលោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក កាលពីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៉ីនតោន ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា ពាណិជ្ជកម្ម គឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការវិជ្ជមានដ៏ល្អប្រសើរបំផុតរវាងប្រទេសទាំងពីរ ហើយបានសម្តែងនូវសេចក្តីសង្ឃឹមថា ប្រព័ន្ឋអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជានឹងត្រូវបានបន្តសុពលភាពជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជានៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលភាគច្រើនជាស្ត្រី៕