Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន២ ក្នុងខណ្ឌដង្កោ

13-07-2022 11:47

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារក្រោមឱវាទ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានគូសបញ្ជាក់ថា ពិធីសាសនានេះ អាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

លោកក៏បានលើកឡើងផងដែរអំពីដំណើរប្រវត្តិនៃពិធីបុណ្យប្រគេនទៀនព្រះវស្សា ដោយបានបញ្ជាក់ថា ទៀនព្រះវស្សា សម្ភារបរិក្ខា រួមទាំងគ្រឿងឧបភោគបរិភោគ នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានាថ្ងៃនេះ គឺដើម្បីចូលរួម ចំណែកអុជបំភ្លឺដល់សេចក្តីត្រូវការរបស់ព្រះសង្ឃគ្រប់អង្គក្នុងការសិក្សា គម្ពីរធ៌មវិន័យ និង ព្រះត្រ័យបីដក នៅក្នុងវេលាចូលកាន់ព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តនានា៕