(កោះកុង)៖ លោក ទុំ ណូ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជំនួសលោក សំ កុសល ដែលត្រូវផ្ទេរភារកិច្ចទៅខេត្តកំពង់ធំ ។
ពិធីប្រកាសផ្ទេរភារកិច្ចនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ផា អេងវ៉េង អគ្គនាយរងតំណាងលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។
លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ទើបទទួលភារកិច្ចថ្មី បានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំបំពេញកាតព្វកិច្ចដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលបានប្រគល់ជូនឲ្យអនុវត្តន៍ដើម្បីក្នុងការប្រមូលពន្ធ និងអាករ និងទប់ស្កាត់រាល់បទល្មើសរាល់ទំនិញចេញចូលប្រទេសជិតខាង ឲ្យបានល្អិតល្អន់ដើម្បីប្រមូលពន្ធ និងអាករចូលរដ្ឋឲ្យបានការកំណត់របស់រាជរដ្ឋាភិបាល។
លោកបន្ដថា លោកនឹងខិតខំអនុវត្តលិខិតបទដ្ឋានគោលការណ៍ណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចំពោះពន្ធរថយន្តចង្កូតស្ដាំដែលនៅសេសសល់ ដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបង់ពន្ធ ក្នុងរយៈពេល៩០ថ្ងៃ ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២តទៅ គឺអង្គភាពសាខាខេត្តកោះកុង និងផ្ដល់សេវាជូនម្ចាស់យានយន្តឲ្យបានល្អ និងទាន់ពេលវេលា។
ជាមួយគ្នានេះ លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានអះអាងថា មន្ត្រីសាខាគយ និងរដ្ឋាករទាំងអស់ ត្រូវខិតខំបំពេញកាតព្វកិច្ចតួនាទីរបស់ខ្លួនមានក្រមសីលធម៌ ក្នុងការបំពេញការងារក្នុងនាមជាមន្ត្រីរាជការ។ លោកសង្កត់ធ្ងន់ថា មន្ត្រីគយ និងរដ្ឋាករសាខាខេត្ត ត្រូវចូលរួមទប់ស្កាត់ និងត្រួតពិនិត្យរាល់បទល្មើសដែលឈ្មួញនាំទំនិញចូលដោយខុសច្បាប់ពីប្រទេសជិតខាង ដោយមិនបានបង់ពន្ធជូនរដ្ឋនោះឲ្យបានល្អិតល្អន់។
លោកបន្ដទៀតថា មន្ត្រីសាខាគយទាំងអស់ខិតខំយកចិត្តទុកដាក់ ក្នុងប្រមូលពន្ធអាករចូលរដ្ឋឲ្យបានតាមតម្រូវការរបស់រាជរដ្ឋាភិបាលដាក់ជូន បើលើសពីផែនការរិតល្អ។ មន្ត្រីទាំងអស់ត្រូវគោរព និងអនុវត្តន៍ទៅតាមតួនាទី និងចេះសាមគ្គីគ្នារក្សាភាពផ្ទៃក្នុងរបស់អង្គភាពឲ្យរឹងមាំ។ មន្ត្រីគយទាំងអស់ត្រូវផ្តល់ព័ត៌មានជូនម្ចាស់រថយន្តចង្កូតស្តាំ ដែលគាត់មិនបានចូលមកបង់ពន្ធជូនរដ្ឋត្រូវផ្តល់ព័ត៌មានជូនគាត់ ឲ្យទាន់ពេលវេលាក្នុងរយៈ៩០ថ្ងៃ ចាប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២តទៅ ដូច្នេះសាខាគយត្រូវឲ្យមកបង់ពន្ធជូនរដ្ឋឲ្យទាន់ពេលវេលា៕