(ព្រះសីហនុ)៖ អគ្គិសនីខេត្តព្រះសីហនុ បានបញ្ជាក់ថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយស្ទឹងហាវ (GSSTH-F3B) មូលហេតុដោយសារមានភ្លៀងជាច្រើនម៉ោង និងមានខ្យល់កន្រ្តាក់ខ្លាំងៗផងនោះ បានធ្វើឲ្យរលំ និងទ្រេតបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ២២គីឡូវ៉ុល ចំនួន៧ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាវេលាទាបភ្លឺថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
អគ្គិសនីខេត្តព្រះសីហនុ បានបញ្ជាក់ថា ការដួលរលំបង្គោលខ្សែភ្លើងនេះគ្មានការគ្រោះថ្នាក់ និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋដែលរស់នៅក្បែរនេះឡើយ។ ហើយមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងដាំបង្គោលខ្សែបណ្តាញឡើងវិញ ដើម្បីតភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានអគ្គិសនីប្រើប្រាស់ឡើងវិញ៕