(ព្រៃវែង)៖ ពិតជាគួរឲ្យអាណិតអាសូរយ៉ាងពន់ពេក សម្រាប់ជនរងគ្រោះ៣នាក់ ជាជីតា និងចៅប្រុសស្រី ដែលបានស្លាប់ដោយសារផ្ទុះគ្រាប់ប្រភេទ១០៥មីលីម៉ែត្រ សល់ពីជំនាន់សង្គ្រាម។ ការផ្ទុះគ្រាប់នេះ បណ្តាលមកពីជនរងគ្រោះទាំង៣នាក់ បានយកគ្រាប់បែកដែលរើសបាន ទៅដំធ្វើស្នឹងគោ។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីនប៊ន បានប្រាប់អង្គភាព Fresh News ថា «មុនពេលកើតហេតុ ជនរងគ្រោះបានយកគ្រាប់១០៥មីលីម៉ែត្រនេះ ទៅដំធ្វើស្នឹងគោ ស្រាប់តែផ្ទុះបណ្ដាលឱ្យស្លាប់ទាំង៣នាក់តែម្ដង»។ លោកមេបញ្ជាការបានបន្ដថា ជនរងគ្រោះដែលទាំង៣នាក់ ទី១. ឈ្មោះ ទេព ផល អាយុជាង៧០ឆ្នាំ(ជីតា) ទី២. ឈ្មោះ ផល ណារី ភេទស្រី អាយុ១២ឆ្នាំ (ចៅ)និងទី៣. ឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ (ចៅ)។ ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងភូមិកើតហេតុខាងលើ។
ក្រោយការពិនិត្យរួចពីសមត្ថកិច្ច សពជនរងគ្រោះទាំង៣នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីដោយក្តីអាឡោះអាល័យជាទីបំផុត។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍មេបញ្ជាការអាវុធហត្ថ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន នៅពេលប្រទះឃើញគ្រាប់ដែលបន្សល់ពីសម័យសង្គ្រាម សូមកុំទៅប៉ះពាល់ ឲ្យសោះពោលត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះទៅពិនិត្យ និងយកមករក្សាទុក៕