(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀនទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនជាតិចិន ១១នាក់ រឹបអូសសារធាតុញៀនជាង ១.៨០តោន និងសារធាតុគីមីជាង ២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
មន្ត្រីនគរបាលដែលចុះបង្ក្រាបបានបញ្ជាក់ថា ការបង្ក្រាបករណីកែច្នៃគ្រឿងញៀននេះ ចាប់ពីថ្ងៃទី ០៤ដល់០៩ ខែកក្កដា ឆ្នាំ២០២២ ដោយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង, វរសេនីយ៍ឯក តោ ដារិទ្ធ, វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា, វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការ នៅកំពង់អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រៃវែង។
មុននឹងឈានដល់ការបង្ក្រាបនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចកម្ពុជា ទទួលព័ត៌មានសម្ងាត់ពីសមត្ថកិច្ចចិនប្រចាំកម្ពុជារួចមក សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់ នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុគីមីផ្សំ ចំនួន១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និង ស្តុកទុកចំនួន ៦ទីតាំងរួមមាន៖
* ទីតាំងទី១: នៅចំណុច ផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។
* ទីតាំងទី២: នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃ្លាំងស្តុកសារធាតុគីមី)។
* ទីតាំងទី៣: នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ឃ្លាំងស្តុករសាធាតុញៀនកេតាមីន)។
* ទីតាំងទី៤: នៅចំណុច ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (រោងចក្រកែច្នៃ ផលិត កេតាមីន)។
* ទីតាំងទី៥: នៅចំណុច ផ្លូវក្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃ្លាំងស្តុកសារធាតុគីមី)។
* ទីតាំងទី៦: នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។
* ទីតាំងទី៧: នៅចំណុច កំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល (កុងទឺន័រផ្ទុកសារធាតុគីមី)
សម្រាប់លទ្ធផលបង្ក្រាបបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ១១នាក់៖ ១-ឈ្មោះ WU YI LIN ភេទប្រុស អាយុ២៤ឆ្នាំ, ២-ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ៤១ឆ្នាំ, ៣-ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ៣៨ឆ្នាំ, ៤-ឈ្មោះ LI BIN YANG ភេទប្រុស អាយុ៤២ឆ្នាំ, ៥-ឈ្មោះ CAI FENG FENG ភេទប្រុស អាយុ៣៥ឆ្នាំ, ៦-ឈ្មោះ WANG PING ភេទប្រុស អាយុ ៦១ឆ្នាំ, ៧-ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ៤៥ឆ្នាំ, ៨-ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ឆ្នាំ, ៩-ឈ្មោះ XU JIAN ភេទប្រុស អាយុ៤៧ឆ្នាំ, ១០-ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ៣៩ឆ្នាំ, ១១-ឈ្មោះ LI WEN SHUO ភេទប្រុស អាយុ៤២ឆ្នាំ។
សម្រាប់វត្ថុតាងដែលដកហូតបានរួមមាន៖ របាយសារធាតុញៀនកេតាមីន ចំនួន១តោន ៨២៧ គីឡូក្រាម ៩៥២ក្រាម, សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គីឡូក្រាម, ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ, កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម, រថយន្ត ០៨គ្រឿង, ម៉ូតូ ០៣គ្រឿង, ទូរស័ព្ទដៃ ១៩គ្រឿង, អចលនទ្រព្យចំនួន ០៧កន្លែង (ខុនដូរ០២, ឃ្លាំង០៤ , រោងចក្រផលិត០១, ផ្ទះវីឡា០១)។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕