(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៤២គ្រួសារ នៅភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សិលា ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

នាឱកាសនេះដែរ លោក គួច ចំរើន បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងសូមមានកាប្រុងប្រយ័ត្នចំពោះអាយុជីវិត និងគ្រោះថ្នាក់ផ្សេងៗពេលស្រុកភូមិកំពុងជួបគ្រោះទឹកជំនន់ជាពិសេសក្មេងៗមិនត្រូវបណ្តោយឱ្យលែងទឹកនោះទេព្រោះអាចមានផលប៉ះពាល់ដល់អាយុជីវិត និងគ្រោះថ្នាក់ផ្សេងៗ និងត្រូវប្រយ័ត្នចំពោះសត្វអសេរពឹលផ្សេងៗ ដែលវាទៅទីទួលខ្ពស់ក៏ដូចកន្លែងយើងស្នាក់នៅជាដើម។

លោកបានបន្តថា ពេលដែលទឹកជំនន់មានការស្រកចុះទៅវិញ វាថាអាចនឹងមាននូវជំងឺដង្កាត់ផ្សេងៗព្រោះទឹកស្រកទៅវិញវាអាចនឹងបន្សល់​នៅកាកសំណល់ស្អុយរលួយ​ផ្សេងៗ ដូច្នេះ លោកបានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅទីនេះត្រូវមានអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច ត្រូវប្រកាន់យកចំណុចល្អ៣ គឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

លោក គួច ចំរើន ក៏បានបន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ និងភ័យខ្លាចលើការស្នាក់នៅនាពេលយប់លោកបានធ្វើការរៀបចំកន្លែងស្នាក់​នៅទីទួលក្នុងបរិវេណ​វត្តកំពង់សិលា ដើម្បីបញ្ចៀរាល់ការគ្រោះថ្នាក់ផ្សេងៗ ប្រសិនបើបងមានការលំបាក់ក្នុងការស្នាក់នៅពេលមានទឹកជំនន់នេះ។

អំណោយដែលក្នុងមួយគ្រួសារទទួលបានរួមមាន៖ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕