(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពដីនៅតំបន់២ និងតំបន់៣ ដែលប្រជាពលរដ្ឋកំពុងតែអាស្រ័យផល ពិសេសគឺកំពុងរៀបចំដីភ្ជួររាស់ ត្រៀមសម្រាប់ទឹកស្រកទៅវិញ ធ្វើស្រែប្រាំងបន្តទៀត ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នាឱកាសនោះដែរ អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យបន្ថែមទៀត ព្រមទាំងបោះបង្គោលព្រំដី និងណែនាំបន្តដល់បងប្អូនប្រជាកសិករដែលអាស្រ័យផលលើដីតំបន់២ និងតំបន់៣ គឺស្រ័យផលធម្មតា។ ដើម្បីជួយដោះស្រាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្ត ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតំបន់បឹងទន្លេសាបកន្លងទៅថ្មីៗនេះ។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋក៏ដូចអាជ្ញាធរមូលដ្ឋានត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីដែលអាស្រ័យផល សូមខិតខំជួយការពារឱ្យបានគង់វង្ស។ ក្នុងនោះផងដែរ ប្រសិនបើជនខិលខូចនៅតែបន្តការឈូសឆាយមិនស្ដាប់តាមការណែនាំទេក្រុមការងារនឹងចុះទៅដល់គោលដៅដើម្បីអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត
ឆ្លៀតក្នុងឱកាសនោះដែរ លោក ងួន រតនៈ ក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំង ដូសជំរុញ ឱ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពនៅជិតបំផុត ដើម្បីការពារជំងឺកូវីដ១៩ កុំឱ្យមានការីករាលដល់សហគមន៍៕