(តូក្យូ)៖ អំឡុងពេលដែលប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា កំពុងស្ថិតនៅក្នុងប្រទេសវៀតណាម នៅឡើយនៅប្រទេសជប៉ុនឯណោះវិញកំពុងតែត្រៀមទទួលដំណើរទស្សនកិច្ច របស់មេដឹកនាំកំពូលលើលោកនេះដូចគ្នា ក៏ប៉ុន្តែសាធារណៈមតិកាន់តែច្រើនឡើង បានទាមទារឲ្យលោក អូបាម៉ា សូមទោសជាផ្លូវការលើការទម្លាក់គ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី កាលពីសម័យសង្គ្រាមលោកលើកទីពីរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានថ្លែងថាលោកពិតជាមានអារម្មណ៍សោកស្តាយណាស់ ចំពោះរឿងដែលបានកើតឡើងកាលពីអតីតកាល នោះគឺការទម្លាក់គ្រាប់បែកបរមាណូ សម្លាប់ប្រជាជន ជប៉ុនរាប់សែននាក់កាលពីឆ្នាំ ១៩៤៥ ដែលវាជាអំពើដែលមិនយល់ពីភាពមនុស្សធម៌ ក៏ដូចជាច្បាប់អន្តរជាតិបន្តិចឡើយ។
គួរបញ្ជាក់ថាលោក អូបាម៉ា នឹងទៅដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនក្នុងនាមជាប្រធានាធិបតីលើទី១ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលនាំឲ្យគ្រប់គ្នាសង្ស័យថាតើលោក អាចសូមអភ័យទោសចំពោះជប៉ុនដែរឬទេ។ ក៏ប៉ុន្តែរឿងនេះអាមេរិក ធ្លាប់បានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយ ថាខ្លួននឹងមិនសូមទោស នោះទេ ហើយប្រជាជនអាមេរិកភាគច្រើន ក៏មិនគិតថាអាមេរិកបានធ្វើខុសអ្វីនោះដែរ៕