(ភ្នំពេញ)៖ បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយរួមជាមួយលោក ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានធ្វើជាអធិបតី ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារ ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌» ដែលមានការចូលរួមដោយផ្ទាល់ ក៏ដូចជាតាមអនឡាញ (ZOOM)។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល៣វគ្គ ដោយមួយវគ្គមានរយៈពេលបីថ្ងៃ ហើយមានមន្រ្តីរាជការពន្ធដារ ដែលត្រូវចូលរួមសរុបចំនួន ១ ៣៣៩ រូប។
បណ្ឌិត កែន សម្បត្តិ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានលោក ប៉ែន ពេជ្រសាលី និងក្រុមគ្រូបង្គោលនៃក្រសួងយុត្តិធម៌ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីផ្ដល់នូវជំនាញ និងចំណេះដឹងអំពី ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងដែនសមត្ថកិច្ច និងការអនុវត្តតួនាទីជានគរបាលយុត្តិធម៌ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាពន្ធដារ។
លោកអគ្គនាយករង ជំរុញឲ្យសិក្ខាកាមត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្វែងយល់ និងក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធថ្មីៗថែមទៀត ដើម្បីពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួន ទាំងផ្នែកការយល់ដឹងទូទៅ ជំនាញវិជ្ជាជីវៈ និងផ្នែកបទប្បញ្ញត្តិ សំដៅធានានូវប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ក្នុងការបំពេញការងារ នៅតាមអង្គភាពនីមួយៗ។
វគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌» គឺជាមុខវិជ្ជាសំខាន់មួយ ដែលឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាល ជាអាទិភាពរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់មន្រ្តីដែលមានមុខងារប្រតិបត្តិការស្នូល និងអនុវត្តការងារប្រមូលចំណូល។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង គឺក្នុងគោលបំណងជំរុញឱ្យមានការយល់ដឹងកម្រិតស៊ីជម្រៅនៅអគ្គនាយកដ្ឋានពន្ធដារជុំវិញប្រធានបទនេះ ដោយហេតុថា ក្នុងនាមជាអាជ្ញាធរគ្រប់គ្រង និងប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិត្រូវមាននីតិសម្បទា ជានគរបាលយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីពន្ធដារឱ្យមានប្រសិទ្ធភាព។
វគ្គបណ្ដុះបណ្ដាលនេះមាន សារសំខាន់ សម្រាប់មន្រ្តីពន្ធដារដែលបានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងការត្រួតពិនិត្យ បទល្មើសបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាង ដែលតួនាទីភារកិច្ចទាំងនេះមានចែង និងកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
គោលបំណងនៃវគ្គនេះ គឺដើម្បីផ្ដល់ចំណេះដឹងបន្ថែមលើផ្នែកព្រហ្មទណ្ឌ ដែលក្នុងនោះ យើងស្វែងយល់អ្វីទៅជាបទល្មើស ហើយមានធាតុផ្សំអ្វីខ្លះ? ហើយដើម្បីអនុវត្តការងាររបស់ខ្លួនក្នុងនាមជានគរបាលយុត្តិធម៌ ត្រូវមានការដឹកនាំ និងចង្អុលបន្ថែមពីស្ថាប័នណា? ពីព្រោះបន្ទាប់ពីទទួលបានភារកិច្ចជាមន្រ្តីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌នេះហើយ មន្រ្តីរាជការពន្ធដារត្រូវមានការងារបន្ថែមមួយទៀតជាជំនួយរបស់អំណាចតុលាការ។
បណ្ឌិត កែន សម្បត្តិ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះនឹងផ្ដល់នូវ ជំនាញដោះស្រាយសំណុំរឿងក្ដីព្រហ្មទណ្ឌ ហើយបានមកជាចំណេះដឹងតាមរយៈការសិក្សាស៊ីជម្រៅ ទៅលើដំណើរការនៃសំណុំរឿងក្តីព្រហ្មទណ្ឌ ដែលចែកជា ៣ដំណាក់កាល សំខាន់ៗ រួមមាន៖
(១). ដំណាក់កាលស៊ើបអង្កេត គឺជាមេរៀនសំខាន់ ជាពិសេសសម្រាប់មន្រ្តីដែលបានទទួល នីតិសម្បទានេះតែម្តង។
(២). ដំណាក់កាលចោទប្រកាន់ គឺជាដំណាក់កាលមួយដែលទាក់ទងនឹងការងារជាមួយស្ថាប័នអយ្យការ ព្រោះក្រោយពីទទួលបាននីតិសម្បទានេះ នគរបាលយុត្តិធម៌ត្រូវអនុវត្តការងារបន្ថែមក្រោមកិច្ចដឹកនាំ និងសម្របសម្រួលរបស់ព្រះរាជអាជ្ញា។
(៣). ដំណាក់កាលស៊ើបសួរ និងជំនុំជម្រះ គឺជាដំណាក់កាលរបស់ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ដែលត្រូវបានលើកយកមកបង្ហាញ និងពន្យល់ពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ក្នុងវិស័យនេះផ្ទាល់តែម្តង។
ក្រោយពីទទួលការបណ្តុះបណ្តាលនេះហើយ មន្រ្តីរាជការពន្ធដារនឹងទទួលបានភារកិច្ចបន្ថែមដោយមានសិទ្ធិ និងកាតព្វកិច្ចរបស់នគរបាលយុត្តិធម៌ ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការប្រើប្រាស់នីតិសម្បទានេះទៀតសោត គឺត្រូវស្ថិតក្រោមក្របខ័ណ្ឌច្បាប់ និងការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ ពីអគ្គនាយកដ្ឋានពន្ធដារ និងស្ថាប័នតុលាការ ព្រោះប្រសិនបើនគរបាលយុត្តិធម៌ណាមួយ អនុវត្តល្មើសវិធាន ចំពោះកិច្ច ឬរំលោភបំពានសិទ្ធិ ក្នុងពេលអនុវត្តត្រូវទទួលរងនូវការស្តីបន្ទោស ឬការព្យួរ ឬការលុបឈ្មោះពីនគរបាលយុត្តិធម៌តែម្តង។
បណ្ឌិត កែន សម្បត្តិ បានណែនាំដល់មន្ត្រីរាជការពន្ធដារដែលទទួលបាននីតិសម្បទានេះហើយ គប្បីអនុវត្តការងារឱ្យបានល្អ និងត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលបានកំណត់ ហើយត្រូវមានកិច្ចសហការជិតស្និទ្ធិជាមួយស្ថាប័នតុលាការ ដែលជាស្ថាប័នគ្រប់គ្រងលើការងារបន្ថែមក្នុងដែនសមត្ថកិច្ចពាក់ព័ន្ធទៅនឹងការអនុវត្តសម្បទានគរបាលយុត្តិធម៌នេះ។
បណ្ឌិត កែន សម្បត្តិ បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប៉ែន ពេជ្រសាលី និងក្រុមគ្រូបង្គោលនៃក្រសួងយុត្តិធម៌ ដែលបានផ្ដល់កិច្ចសហការ យ៉ាងជិតស្និត និងយកចិត្តទុកដាក់នៅក្នុងការរៀបចំកម្មវិធី ឯកសារបង្រៀន និងផ្ដល់ការបណ្ដុះបណ្ដាលចំនួន ៣ វគ្គ បន្ថែមទៀតនេះ។
បណ្ឌិត កែន សម្បត្តិ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលថ្ងៃនេះ សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ កាន់តែមានភាពទូលំទូលាយ ជាពិសេស ចំណេះដឹងស្ដីពី ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងដែនសមត្ថកិច្ច និងការអនុវត្តតួនាទីជានគរបាលយុត្តិធម៌ ដែលជាជំនាញសំខាន់សម្រាប់ប្រើប្រាស់ ដើម្បីចូលរួម ចំណែកក្នុងការពង្រឹងការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក៏ដូចជា ចូលរួមក្នុងការអនុវត្តច្បាប់និងបទប្បញ្ញត្តិស្ដីពីពន្ធដារ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងបង្កើនចំណូលពន្ធដារ ប្រយោជន៍ចូលរួមចំណែកដល់ការចំណាយប្រតិបត្តិការ របស់ក្រសួង ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា និងការចំណាយលើការដ្ឋានកំណែទម្រង់នានារបស់រជរដ្ឋាភិបាល សំដៅផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរថែមទៀត និងអភិវឌ្ឍប្រទេសឱ្យសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០៕