(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យព្រមទាំងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ក្នុងករណីដែលក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ពុំមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរ ឬមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរផុតសុពលភាព ហើយមិនបានមកបំពេញបែបបទស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឱ្យស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត។
តាមរយៈសេចក្តីជូនដំណឹងរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Frewsh News ទទួលបាននៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា កន្លងមកនេះ ក្រសួងបានពិនិត្យឃើញថា៖ មានក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមួយចំនួន បាននឹងកំពុងតែធ្វើអាជីវកម្មលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនដោយគ្មានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងមួយចំនួនទៀតបានប្រើប្រាស់នូវលិខិតអនុញ្ញាតដែលផុតសុពលភាពប្រើប្រាស់។
បន្ថែមពីលើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនេះ ដើម្បីឱ្យស្របតាមប្រកាសលេខ ២០៦ ប្រក.សក.ដជគ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរឱ្យមានប្រសិទ្ធភាព និងតម្លាភាពប្រកបដោយការទទួលខុសត្រូវខ្ពស់នោះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តនូវវិធានការទាំងឡាយដូចខាងក្រោមនេះ៖
ទី១៖ ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលពុំទាន់បានចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្មស្របទៅតាមច្បាប់ជាធរមាន
និងទី២៖ ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរដែលផុតសុពលភាព ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំអនុញ្ញាតបន្តសុពលភាពធ្វើអាជីវកម្មដឹកអ្នកដំណើរឱ្យស្របទៅតាមច្បាប់ជាធរមាន។
ក្រសួងសាធារណការ និងដឹកជញ្ជូនសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ចូលរួមសហការអនុវត្តតាមការណែនាំខាងលើនេះចាប់ពីថ្ងៃនេះតទៅ៕