(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានប្រាប់ Fresh News ឱ្យដឹងថា នៅថ្ងៃស្អែកនេះ ក្រុមការងារមន្ទីរសុខាភិបាល នឹងចុះស្រាវជ្រាវ នៅមន្ទីរសម្ភពសោភាហ្គោល ក្រោយពីមានករណីទារកអាយុ៣ថ្ងៃម្នាក់ស្លាប់ ដោយឈ្លក់ទឹកដោះគោ ដែលបំបៅដោយគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យនេះ។
លោកបានបញ្ជាក់ថា «ដោយសារថ្ងៃនេះ ជាថ្ងៃឈប់សម្រាក អញ្ចឹងថ្ងៃស្អែកខ្ញុំនឹងចាត់តាំងក្រុមការងារ ឱ្យចុះទៅយកព័ត៌មាននៅកន្លែងហ្នឹង ដើម្បីស្រាវជ្រាវ អង្កេត ធ្វើរបាយការណ៍ ជូនក្រសួងសុខាភិបាលជាអ្នកសម្រេច»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ មានករណីទារកម្នាក់ ដែលទើបនឹងកើតបាន៣ថ្ងៃ បានបាត់បង់ជីវិតទៅវិញ នៅពេលដែលឆ្លក់ទឹកដោះគោ ដែលបំបៅដោយ គិលានុបដ្ឋាយិកា មន្ទីរ «សម្ពពសោភាហ្គោល» ។ ករណីនេះ ឪពុកម្តាយទារក បានចោទ គិលានុបដ្ឋាយិកា និងគ្រូណពេទ្យនៅមន្ទីរសម្ភពនេះថា ខ្វះការប្រុងប្រយ័ត្ន និងគ្មានជំនាញ ទើបបណ្តាលឱ្យកូនរបស់ពួកគេស្លាប់។
ឪពុកទារករងគ្រោះ លោក ពៅ ពុត អាយុ ៣២ឆ្នាំ បានប្រាប់ឲ្យដឹងទាំងអារម្មណ៍ក្តុកក្តួលថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ភរិយារបស់គាត់មានទម្ងន់គ្រប់ខែត្រូវឆ្លងទន្លេ ហើយគាត់ក៏បានដឹកទៅឆ្លងទន្លេនៅសម្ភពសោភាហ្គោល ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ ៧មករា។
បុរសជាឪពុក ដែលមានមុខរបរលក់ថ្នាំពណ៌ នៅផ្លូវលេខ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានរៀបរាប់ទាំងខ្សឹកខ្សួលថា កូនរបស់ លោកបានកើតមកជាមួយសុខភាពល្អធម្មតា។ ក្រោយកើតបាន ៣ថ្ងៃ ស្រាប់តែគិលានុបដ្ឋាយិកាម្នាក់ បានបំបៅទឹកដោះគោ បណ្តាលឲ្យឈ្លក់ខ្លាំង ហើយមិនព្រមបញ្ឈប់ទៀត បណ្តាលឱ្យទារកខ្សោយសុខភាពទន់ទៅៗ រួចក៏ដឹកទៅមន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះ។ បន្ទាប់ពីសង្រ្គោះបានបន្តិចទារក ក៏បានអស់ខ្យល់ស្លាប់តែម្តង។
អ្នកស្រី សរ ចាន់វាសនា អាយុ ៣១ឆ្នាំ ដែលត្រូវជាម្តាយទារកខាងលើ បានទ្រហោយំយ៉ាងខ្លាំង និងបានស្តីបន្ទោសខ្លួនឯងថា ជាអ្នកបណ្តែតបណ្តោយឲ្យគិលានុបដ្ឋាយិកា បំបៅទឹកដោះគោកូន ទើបនាំឲ្យកូនរបស់អ្នកស្រីស្លាប់បែបនេះ។ អ្នកស្រី បានយំត្អូញត្អែយ៉ាងដូច្នេះ «កូនខ្ញុំបានស្លាប់ហើយ នេះគឺមកពីការ ធ្វេសប្រហែសរបស់ខ្ញុំ ខ្ញុំជាម្ដាយភ្លើរបំផុត ខ្ញុំមិនចេះមើលកូន ខ្ញុំឲ្យពួកមីពេទ្យឆ្កូតបំបៅទឹកដោះគោកូន ដល់ឈ្លក់ស្លាប់ ហើយនេះជាមេរៀន ជីវិតដ៏ឈឺចាប់របស់ខ្ញុំ សូមបងប្អូនកុំទុកចិត្តអ្នកណាក្រៅពីខ្លូនឯងឱ្យសោះ»៕