(ភ្នំពេញ)៖ លោក លី ម៉ាត់លី ត្រូវជាបងប្រុសជនរងគ្រោះ លី ម៉ាត់រីន ស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រថយន្តតារាចម្រៀង ខេម ម៉ាក RANGE ROVER បុកជាមួយរថយន្ត Celica កាលពីថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៦នេះ បានធ្វើការបដិសេធ ចំពោះដំណឹងលេចឮល្ហិចល្ហៀងមកថា ក្រុមគ្រួសារតារាចម្រៀង ខេម បានចរចាចូលខ្លួន ដោះស្រាយបញ្ចប់រឿង ដោយបានផ្ដល់សំណង ចំនួន២៥០០០ដុល្លារ ដោយលោកបានបញ្ជាក់ថា យ៉ាងខ្លីថា រហូតមកដល់ពេលនេះ ពុំមានការចរចា ឬផ្ដល់សំណងអ្វីមួយ ដល់គ្រួសារលោក ដែលជាជនរងគ្រោះ នៅឡើយ ព័ត៌មានខាងលើមិនពិតទេ។
លោក លី ម៉ាត់លី បានប្រាប់ Fresh News និង Khmertalking នៅមុននេះបន្តិចថា ដំណឹងដែលថា ក្រុមគ្រួសាររបស់តារាចម្រៀង ខេម បានផ្ដល់សំណង ចំនួន២៥០០០ដុល្លារ ដល់គ្រួសាររបស់លោកនោះ គឺមិនពិតនោះទេ ដោយពេលនេះ លោកកំពុងតែជាប់រវល់ជាមួយមេធាវី មិនបានផ្ដល់ចម្លើយអ្វីឲ្យវែងឆ្ងាយនោះឡើយ។ លោកនិយាយយ៉ាងខ្លីថា «អត់ទេបង.. អត់ទាន់មានទេ...សុំទោសបងពេលនេះខ្ញុំ កំពុងរវល់ជាមួយមេធាវីបន្តិច..!»។ រួចក៏ចុចផ្ដាច់ទូរស័ព្ទតែម្ដង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តរបស់តារាចម្រៀង ខេម បុកជាមួយនឹងរថយន្ត Celica កាលពីយប់ថ្ងៃទី១៧ ខែឧសភាកន្លងទៅ បណ្ដាលឲ្យស្លាប់បុរសម្នាក់ គឺមានរយៈពេល៨ ថ្ងៃមកហើយ ប៉ុន្តែអ្វីដែលកំពុងតែទន្ទឹងរង់ចាំមើល ពីដំណោះស្រាយ ចំពោះក្រុមគ្រួសារជនរងគ្រោះនោះ ហាក់នៅមិនទាន់មានលទ្ធផលអ្វី ជាដុំកំភួននៅឡើយទេ ខណៈដែលក្រុមគ្រួសារ ជនរងគ្រោះ កំពុងតែពិចារណាដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ ប្រសិនបើគ្មានដំណោះស្រាយ សមរម្យណាមួយនោះ។
ប៉ុន្តែទោះបីជាយ៉ាងណា ប្រភព័ត៌មានពីមន្រ្តីចរាចរណ៍ផ្លូវគោក បានបង្ហើបប្រាប់ថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ របស់តារាចម្រៀង ខេម បានបញ្ជូនដល់ដៃតុលាការហើយ កាលពីម្សិលមិញនេះ ព្រោះត្រូវបានរៀបចំឡើងតាមផ្លូវច្បាប់ ទោះបីជាភាគីទាំងពីរ បានដោះស្រាយចប់សព្វគ្រប់ក្ដី ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់នេះ គឺតារាចម្រៀង ខេម ត្រូវជាប់បណ្ដឹងអាជ្ញារមួយទៀត ទោះបីក្រុមគ្រួសារជនរងគ្រោះ មិនដាក់ពាក្យប្ដឹងក្ដី។
ក្នុងសំណុំរឿងនេះ សាច់ញាតិជនរងគ្រោះ ធ្លាប់បានបញ្ជាក់ថា បងប្អូនគ្រួសារ តារាចម្រៀង ខេម រួមនឹងខាងផលិតកម្មផង បានសុំចូលខ្លួនមកចរចារដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ នៃការសងសំណង មិនទាន់ត្រូវបានបង្ហើបឲ្យដឹង នៅឡើយនោះទេ។ ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់មានជាលទ្ធផលផ្លែផ្កាអ្វីឡើយ ខណៈដែលដំណោះស្រាយ គឺមិនទាន់មាននោះទេ។
យ៉ាងណាមិញប្រពភព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ បានបង្ហើបឲ្យដឹងថា ខ្លួនក៏មិនចង់វែងឆ្ងាយអ្វីតទៅទៀតដែរ ព្រោះបើវែងឆ្ងាយ ក៏មិនអាចឲ្យជីវិត មនុស្សដែលស្លាប់ទៅហើយ រស់មកវិញដែរ ប៉ុន្តែពាក់ព័ន្ធនឹងសំណង ក៏ត្រូវពិចារណាឲ្យបានសមរម្យដែរ ព្រោះជីវិតមនុស្ស មិនអាចកាត់ថ្លៃបានទេ ។ តែយ៉ាងណា ក៏គ្រួសារជនរងគ្រោះ មានការយោគយល់ ចំពោះការចូលខ្លួនមកដោះស្រាយ ពីសំណាក់គ្រួសារ ខេម នៅពេលនេះ ព្រោះសំខាន់ស្ថិតនៅលើការជជែកគ្នា ដើម្បីទទួលយកបានទាំងសងខាង តែប៉ុណ្ណោះ៕