(ភ្នំពេញ)៖ ស្ថានទូតបារាំង និង អាល្លឺម៉ង់ រួមគ្នារៀបចំព្រឹត្តិការណ៍លើប្រធានបទស្តីពី «វប្បធម៌ និងការអប់រំ ជាឧបករណ៍ នៃការផ្សះផ្សាគ្នា រវាងប្រទេសទាំង»។ ពិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦ ម៉ោង៦៖៣០នាទីល្ងាច នៅវិទ្យាស្ថានបារាំងនៅកម្ពុជា អមដោយការសម្ពោធពិរណ៍បែបថតរូបកម្សាន្ត «Museum (Theater)»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ឲ្យដឹងថា ពិធីប្រកាសបើកព្រឹត្តិការណ៍ ដែលរៀបចំរួមគ្នាដោយស្ថានទូតបារាំង និងអាល្លឺម៉ង់ មានការចូលរួមពី ឯកអគ្គរដ្ឋទូតបារាំងនិងភារធារី ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នឹងធ្វើជាសហអធិបតីនៅក្នុងពិធី ប្រកាសបើកជាផ្លូវការផងដែរ។
គួរបញ្ជាក់ថា ប្រទេសបារាំង និងអាល្លឺម៉ង់ ធ្លាប់ជាអតីត គូសត្រូវនឹងគ្នា អស់រយៈពេលយ៉ាងយូរ ប៉ុន្តែបច្ចុប្បន្នបានក្លាយទៅ ជាដៃគូសហប្រតិបត្តិការ ដ៏សំខាន់នៅ ក្នុងសហភាពអឺរ៉ុប ដូចជាការផ្សះផ្សា និងរួបរួមគ្នាឡើងវិញរវាងប្រទេសទាំងពីរ ជាពិសេសតាមរយ:ការផ្លាស់ប្តូរវប្បធម៌និងអប់រំ។ តាមរយៈពិសោធនេះកម្ពុជា ក៏អាចរៀនសូត្រក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ក៏ដូចជាសមាហរណកម្ម ក្នុងក្របខណ្ឌអាស៊ានទាំងមូលផងដែរ៕