(ភ្នំពេញ)៖ លោកស្រីបណ្ឌិត កុយ ពិសី ប្រធានគណៈកម្មា ធិការស្ត្រី និងកីឡា អមគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្ត្រី និងកីឡាអាស៉ីអាគ្នេយ៍ លើកទី២ ជាមួយប្រធាន និងតំណាងគណៈកម្មាធិការស្ត្រី និងកីឡា ដែលអញ្ជើញមកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១១។
ការបើកកិច្ចប្រជុំគណៈកម្មាធិការស្ត្រី និងកីឡា អាស៉ីអាគ្នេយ៍លើកទី២ ជាមួយនឹងបណ្តាថ្នាក់ដឹកនាំគណៈកម្មាធិការនេះ គឺដើម្បីចែកំលែក និងផ្លាស់ប្តូរបទពិសោធន៍ពីបណ្តារប្រទេសអាស៊ានដើម្បីរកធាតុចូលវិជ្ជមានសម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខ។
លោកស្រីបណ្ឌិត កុយ ពិសី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យដំណើរប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅឱ្យបានល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា៕