(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ទ្រង់បានដឹកនាំប្រតិភូគណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោក ស៊ីនហ្សូ អាបេ ( Shinzo Abe ) អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពក្នុងជន្មាយុ៦៧ឆ្នាំ បន្ទាប់ពីរងការបាញ់ប្រហារដោយខ្មាន់កាំភ្លើង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងអំឡុងពេលថ្លែងឃោសនាបោះឆ្នោតនៅលើដងផ្លូវសាធារណៈ ក្នុងទីក្រុងណារ៉ា ប្រទេសជប៉ុន។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទើបតែបញ្ចប់ការកាន់មរណទុក្ខលោក អាបេ ស៊ីនហ្សូ កាលពីអាទិត្យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ លោក អាបេ ស៊ីនហ្សូ គឺជារដ្ឋបុរសមួយរូបរបស់ប្រជាជនជប៉ុន ជាឥស្សរជនមានឥទ្ធិពលលើពិភពលោក និងជាមិត្តភក្ដិបរទេសដ៏ស្និទស្នាលរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា៕