(ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) បានចំនួន ១៩៧៦៦លេខ ទទួលបានចំណូលថវិកាប្រមាណ ៤០ ៦៤១ ១៨៧ ៤០០ រៀល (ប្រមាណ១០លានដុល្លារ) កើនឡើង២៥% ប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។
នេះបើយោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដែលបានរៀបចំឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្រោមវត្តមានលោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងមានការចូលរួមពីសមាជិកសមាជិកា នៃគណៈកម្មការអន្តរក្រសួង។
ថ្លែងនាឱកាសនោះ លោកស្រី កុយ សុដានី បានគូសបញ្ជាក់ពីដំណើរវិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមានចាប់តាំងពីការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាំងពីឆ្នាំ២០១៦ រហូតឈានដល់ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី លេខពិសេសផ្ទាល់ខ្លួន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពី គំនិតបង្កើតថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពល រដ្ឋប្រកបដោយភាពសម្បូរបែប ក្រោមការដឹកនាំរបស់លោកទេសរដ្ឋន្ត្រី ស៊ុន ចាន់ថុល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលលើការជ្រើសរើសប្រធានបទសម្រាប់កម្មវិធី MPWT Live Show ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បានយល់ដឹងអំពីលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) និងលេខពិសេសចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាល ដែលកម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខ។
សូមជម្រាបជូនថាយោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះ បញ្ជីរថយន្តបានឱ្យដឹងថា៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) សរុបបានចំនួន ១៩ ៧៦៦ លេខ ទទួលបានចំណូលថវិកាប្រមាណ ៤០ ៦៤១ ១៨៧ ៤០០ រៀល កើនឡើង២៥% ប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងនោះ៖ ផ្លាកលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា) លក់បានចំនួន ៣ ២៧១ លេខ ទទួលបានចំណូលថវិកាប្រមាណ ២១ ៣៦៥ ៤០៧ ០០០ រៀល កើនឡើងចំនួន១៨% និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) លក់បាន ១៦ ៤៩៥ លេខ ទទួលបានចំណូលថវិកាប្រមាណ ១៩ ២៧៥ ៧៨០ ៤០០ កើនឡើង៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា៕