(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដង្ហែទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់នៅចាំព្រះវស្សាក្នុងវត្ត ចំនួន ១១ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា ទៀន ព្រះវស្សា និងទេយ្យទាន យកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការគោរពតាមប្រពៃណីព្រះពុទ្ធសាសនា និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សារយៈពេល ៣ខែ នៅទីវត្តអារាម ដែលក្នុងរយៈពេលនេះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។
លោកបានបន្តថា ក្នុងឱកាសដែលព្រះសង្ឃចូលកាន់ព្រះវស្សារយៈពេល ៣ខែនេះ គឺជាពេលវេលាមួយយ៉ាងសំខាន់សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសម្ពុទ្ធ ដោយប្រើប្រាស់ទានព្រះវស្សាទៅដុតបំភ្លឺ បូជា ថ្វាយដល់គុណព្រះរតនត្រ័យផងដែរ។
លោកអភិបាលខេត្ត ក៏បានស្នើដល់ពុទ្ធបរិស័ទ គណៈកម្មការវត្ត និងព្រះសង្ឃត្រូវមានសាមគ្គីភាពគ្នាជាធ្លុងមួយ ខិតខំអភិវឌ្ឍន៍កសាងវត្តឱ្យមានភាពរីកចម្រើន ដើម្បីទាក់ទាញពុទ្ធបរិស័ទជិតឆ្ងាយឲ្យមកកាន់វត្តនេះកាន់តែច្រើនឡើង ធានារក្សាឲ្យបាននូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ។
សូមបញ្ជាក់ថា ក្នុង១វត្តទទួលបានទានព្រះវស្សា១គូរ អង្ករ១៥០គីឡូក្រាម មី២កេស ទឹកផ្លែឈើ២កេស ទឹកសុទ្ធ៣កេស ទេយ្យទាន១គូ ត្រីខកំប៉ុង១កេស ខ្ទឹមស៥គីឡូក្រាម ប៊ីចេង៥គីឡូក្រាម នងបច្ច័យក្នុងមួយវត្ត ១,៣០០,០០០រៀល៕