(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានទទួលជួប លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៉ីបូព៌ា និងប៉ាស៉ីហ្វិក ដែលមកទស្សនកិច្ចនៅកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអាមេរិក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក Daniel J. Kritenbrink មានដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
អំឡុងពេលនៅរាជធានីភ្នំពេញ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិករូបនេះ ត្រូវជួបជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក៏ដូចជាមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី ការគាំទ្ររបស់អាមេរិកចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបញ្ហាក្នុងតំបន់ ក៏ដូចជាសកលលោកផងដែរ។ លោកឧបការីរូបនេះ ក៏នឹងមានជំនួបជាមួយយុវជន និងមេដឹកនាំសង្គមស៉ីវិលជាច្រើននាក់ទៀត៕