(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅវិទ្យាល័យសម្តេចម៉ែជប់ មានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌» ក្រោមអធិបតីលោក សៀក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ, លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ ក្រចេះ និងកំពង់ចាម និងប្រតិភូ ប្រធានសាលាដំបូង អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ តំណាងពីមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវជនកាយរិទ្ធ កាកបាទក្រហម និងប្រជាពលរដ្ឋ។
តាមរបាយការណ៍របស់លោក គន់ សុភា អភិបាលរង និងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ សុទ្ធតែបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង គ្រប់ផ្នែកពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅសុវត្ថិភាពសហគមន៍មូលដ្ឋាន និងបានលើកឡើងពីគ្រោះថ្នាក់ និងវិបាកពីគ្រឿងញៀនដែលបង្កមហន្តរាយដល់ខ្លួនអ្នកប្រើ ក្រុមគ្រួសារ និងសហគមន៍។
ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអានលោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានបង្ហាញពីឆន្ទះរបស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅការពារបាននូវសុខភាពប្រជាពលរដ្ឋ និងអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់បន្តចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ចំណាប់អារម្មណ៍របស់សិស្ស ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដែលបានដឹកនាំប្រទេសមានសន្តិសុខ សណ្តាប់ធ្នាប់ បន្តការអភិវឌ្ឍ និងប្តេជ្ញាចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន «យុវជនល្អរួមគ្នាគាំទ្រកំចាត់គ្រឿងញៀន»។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា គ្រឿងញៀនបំផ្លាញសង្គម តម្រូវឱ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមទាំងអស់គ្នាដើម្បីសហគមន៍មានសុវត្ថិភាព បង្ការ បង្រ្កាប ព្យាបាលអ្នកញៀនគ្រឿងញៀន សិស្សនុសិស្ស ប្រជាពលរដ្ឋត្រូវរាយការណ៍ទៅសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន ហើយអ្នកពាក់ព័ន្ធនិងការជួញដូរ ចរាចរ ចែកចាយគ្រឿងញៀន ត្រូវផ្តន្ទាទោស តាមច្បាប់ដោយមិនលើកលែង ធ្ងន់ធ្ងរ និងអំពាវនាវដល់អ្នកពាក់ព័ន្ធ ទាំងអស់ត្រូវតែប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប អនុវត្តនូវវិធានការទាំង៥របស់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ឱ្យសកម្មផុលផុស តាមទិសស្លោកបីកុំមួយរាយការណ៍។
ក្នុងពិធីនេះ មានការដុតបំផ្លាញគ្រឿងញៀនតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពដែលដកហូតបានពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះដែលមានទំងន់សរុប៣.៨៨១,៤៩ក្រាមផងដែរ៕