(កំពង់ឆ្នាំង)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ពរះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តគិរីធម្មរាជ ហៅវត្ត តារូងតារាជ បានរៀបចំពិធីបុណ្យឆ្លងវិទ្យុសុវណ្ណារ៉ា FM 90.30 មេហ្គាហឺត ដែលជាស្ថានីយវិទ្យុ សម្រាប់ផ្សព្វផ្សាយព្រះធម៌ ដល់ញាតិញោមពុទ្ធិ បរិស័ទ ឱ្យទទួលបានការអប់រំទាំងផ្លូវកាយ ផ្លូវចិត្ត និងដើម្បីជាការទ្រទ្រង់វិស័យ ពុទ្ធសាសនា រួមទាំងមានការប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន២៣២វត្ត ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់លោក ស លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង និងមានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្តកំពង់ឆ្នាំងតំណាងព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និងព្រះមន្រ្តីសង្ឃខេត្ត ស្រុករលាប្អៀរ ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធិបរស័ទជិតឆ្ងាយជាច្រើនផងដែរ។
មានសង្ឃដិការនាឱកាសនោះ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បញ្ជាក់ឱ្យដឹងថា ពិធីបុណ្យឆ្លងនេះត្រូវបានធ្វើឡើងតាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសសនា នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត និងសម្តែងធម្មទេសនា លុះព្រឹកឡើងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជួបជុំពុទ្ធិបរិស័ទ ប្រគេនទេយ្យទាន និងចង្ហាន់ដល់ព្រះសង្ឃ និងធ្វើពិធីឆ្លងជាកិច្ចបង្ហើយបុណ្យ។
ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានមានសង្ឃដីកាបញ្ជាក់ទៀតថា ដើម្បីធ្វើការផ្បព្វផ្សាយព្រះធម៌ ដល់ញាតិញោមពុទ្ធិបរិស័ទ ទទួលបានការអប់រំទាំងផ្លូវកាយផ្លូវចិត្ត និងដើម្បីទ្រទ្រង់វិស័យពុទ្ធសាសនា ព្រះអង្គបានរៀបចំវិទ្យុសុវណ្ណារ៉ា អេហ្វអឹម 90.30មេហ្កាហឺត វិទុ្យដែលធ្វើពិធីបុណ្យឆ្លងនាពេលនេះ គឺបានមកពីការគាំទ្ររបស់ញាតិ ញោមពុទធិបរស័ទ្ធ ដែលមានសទ្ធាជ្រះថ្លា បរិច្ចាគនូវបច្ច័យ ដើម្បីឱ្យវិទ្យុនេះបានដំណើរការ និងបានផ្សព្វផ្សាយបានទូលំទូលាយនៅក្នុងខេត្តកំពង់ឆ្នាំង ។
លោក ស លាង បានឱ្យដឹងដែរថា ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះគេសង្កេតឃើញមានព្រះសង្ឃជាច្រើន កំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅ ក្នុងសង្គមកម្ពុជា តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ និងតាមប្រព័ន្ធបណ្តាញសង្គមនានាផងដែរ។
លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា នៅតាមវត្តអារាម ព្រះសង្ឃបានជួយការងារសង្គម ពិសេសជួយដល់កូនចៅប្រជាពលរដ្ឋក្រីក្រ ដែលអត់មានកន្លែងស្នាក់នៅរៀនសូត្រ។ វត្តអារាមបានក្លាយជាទីតាំងយ៉ាងសំខាន់ សម្រាប់ជួយឱ្យសិស្សស្នាក់នៅ ដើម្បីសិក្សារៀនសូត្រ ហេីយរអនាគតក្មេងក្លាយជាធនធានមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិ៕