(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលឧត្ដរមានជ័យ នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធ ចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅអគ្គកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប។
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានសំដែងនូវការចូលរួមសោកស្តាយចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន និងបានសរសេរសាររំលែកមរណទុក្ខ ជូនលោកអគ្គកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាបផងដែរ។
សូមបញ្ជាក់ថា លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពក្នុងជន្មាយុ៦៧ឆ្នាំ បន្ទាប់ពីរងការបាញ់ប្រហារដោយខ្មាន់កាំភ្លើង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងអំឡុងពេលថ្លែងឃោសនាបោះឆ្នោតនៅលើដងផ្លូវសាធារណៈ ក្នុងទីក្រុងណារ៉ា ប្រទេសជប៉ុន។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទើបតែបញ្ចប់ការកាន់មរណទុក្ខលោក អាបេ ស៊ីនហ្សូ កាលពីអាទិត្យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ លោក អាបេ ស៊ីនហ្សូ គឺជារដ្ឋបុរសមួយរូបរបស់ប្រជាជនជប៉ុន ជាឥស្សរជនមានឥទ្ធិពលលើពិភពលោក និងជាមិត្តភក្ដិបរទេសដ៏ស្និទស្នាលរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា៕