(សៀមរាប)៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ ប្រតិភូខេត្តសៀមរាបដឹកនាំដោយលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត អញ្ញើញទៅគោរពវិញ្ញាណក្ខន្ធលោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ស្ថិតនៅសណ្ឋាគារសុខាសៀមរាប។
នៅពីមុខរូបថតលោក ស៊ិនហ្សូ អាបេ ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប បានលំអោនកាយវាចារចិត្តគោរពវិញ្ញាណក្ខន្ធដោយអាឡោះអាល័យ សោកស្តាយជាទីបំផុតជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក ស៊ិនហ្សូ អាបេ កាលពីថ្ងៃទី៨ កក្ដដា ឆ្នាំ២០២២ ដែលជាការបាត់បង់ដល់ធំធេង និងឈឺចាប់បំផុតមិនអាចពិព័ណ៍នាបាន។
សូមបញ្ជាក់ថា ក្រៅពីថ្នាក់ដឹកនាំខេត្ត ក្នុងនោះក៏មានស្ថាប័នមួយចំនួនទៀត ដូចជាអាជ្ញាធរជាតិអប្សរា ក៏បានចូលគោរពវិញ្ញាណក្ខន្ធលោក ស៊ិនហ្សូ អាបេ នៅស្ថានកុងស៊ុលជប៉ុននេះដែរ។ ពួកគេបានបង្ហាញអារម្មណ៍សោកស្ដាយក្រៃលែងចំពោះមរណភាពរបស់លោក និងរំលែកទុក្ខជាមួយប្រជាជនជប៉ុនដែលបានបាត់បង់ឥស្សរជនដ៏ល្បីល្បាញរបស់ខ្លួន៕