(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា និងឯកសារគតិយុត្តផ្សេងៗទៀត «The Official Launch of National Consumer Protection Programme (NCPP) and Implementing Regulations» ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលសហការរៀបចំដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងការិយាល័យមេធាវីសិដ្ឋាល័យ។
សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីអ្នកឧញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ លោកឧកញ៉ា លោក លោកស្រី តំណាងមកពីវិស័យច្បាប់ តំណាងដៃគូអភិវឌ្ឍន៍ តំណាងមកពីគម្រោង «កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន» (PROTECT) គណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) តំណាងអង្គការជាតិនិងអន្តរជាតិ តំណាងស្ថាប័នសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យនានា តំណាងវិស័យឯកជន តំណាងវិស័យសារព័ត៌មាន និងមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានអ្នកចូលរួម តាមប្រព័ន្ធវីដេអូជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងថា កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជាឯកសារគតិយុត្តគោលមួយ ដើរតួជាឯកសារយុទ្ធសាស្រ្តសម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធកសាងគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្តដោយប្រកាន់ខ្ជាប់នូវកិច្ចការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ហើយការបង្កើតឯកសារទាំងនេះឡើង ក៏ជាមនសិការរបស់កម្ពុជាក្នុងការបំពេញនូវអនុសាសន៍ និងការអនុវត្តល្អជាអន្តរជាតិ ផងដែរ។ បន្ថែមពីនេះ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានឯកសារគោលការណ៍ណែនាំស្តីពីការបង្កើតសមាគមអ្នកប្រើប្រាស់តាមវិស័យ (Consumer Protection Association) ផងដែរ។
លោករដ្ឋមន្ត្រីបន្តថា ចាប់តាំងពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមមក ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងសភាពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងបន្តបើកវគ្គផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ភាគីពាក់ព័ន្ធជាពិសេសវិស័យឯកជននៅតាមបណ្តាខេត្ត និងរាជធានី បានជាច្រើនវគ្គរួចមកហើយ។ ដោយឡែកសិក្ខាសាលាលើកទី៤ កន្លងមកថ្មីៗនេះ គឺជាសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមបញ្ចូលទៅក្នុងសេចក្តីព្រាងឯកសារចំនួន០៤ រួមមាន៖ (1) កម្មវិធីជាតិ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ (National Consumer Protection Programme) (2) គោលការណ៍ណែនាំ ស្តីពីគម្រោងលក់បែបពីរ៉ាមីដ (Pyramid Selling Scheme) និងការលក់បែបទីផ្សារពហុកម្រិត (Multi-Level Marketing) (3) ប្រកាស ស្តីពីខសន្យាមិនសុចរិត (Unfair Contract Clause) និង(4) ប្រកាស ស្តីពីកំឡុងពេលដកខ្លួនពីកិច្ចសន្យា (Cooling-Off Period)។
ក្រៅពីឯកសារគតិយុត្តទាំងនេះ ក្រសួងពាណិជ្ជកម្មក៏នៅមានបទប្បញ្ញត្តិសំខាន់ៗមួយចំនួនផ្សេងទៀតដូចជា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានអនុម័តនៅឆ្នាំ២០១៩ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាដើម ដែលសុទ្ធសឹងតែមានកម្មវត្ថុការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ ហើយត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហត្ថលេខាដាក់ឱ្យប្រើនាពេលថ្មីៗកន្លងទៅ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ គូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ មុំទី៤ ចំណុចទី៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានចែងយ៉ាងច្បាស់អំពី ការជំរុញរៀបចំ និងអនុម័តច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និងរៀបចំយន្តការអនុវត្ត ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់សុខភាព ពង្រឹងស្តង់ដារទំនិញ និងសេវា ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែង។
ក្នុងបរិបទនេះ កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជាព្រមទាំងច្បាប់ និងឯកសារគតិយុត្តក្រោមច្បាប់ជាច្រើនទៀតត្រូវបានរៀបរៀង និងអនុម័តឡើងដើម្បីធ្វើសុខដុមនីយកម្មក្របខណ្ឌកិច្ចការពារអ្នកប្រើប្រាស់ឱ្យមានសង្គតិភាព សម្រាប់ជំរុញទីផ្សារឱ្យមានសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ សំដៅពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងបង្កើនទំនុកចិត្តក្នុងធុរកិច្ច ដែលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលមានអគ្គនាយកដ្ឋានក.ប.ប. ជាសេនាធិការ បាននិងកំពុងអនុវត្តតួនាទី និងភារកិច្ចដែលផ្តល់អាណត្តិដោយច្បាប់ ដើម្បីចូលរួមអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សំដៅជំរុញឱ្យការធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុចរិតភាព ការប្រកួតប្រជែងដោយស្មើភាព ទប់ស្កាត់និងបង្រ្កាបការក្លែងបន្លំពាណិជ្ជកម្ម ធានាគុណភាព សុវត្ថិភាព និងអនុលោមភាពលើផលិតផលទំនិញនិងសេវា និងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
លោករដ្ឋមន្ត្រីបន្តថា ការដាក់ចេញឯកសារគតិយុត្តនានា និងការជំរុញឱ្យមានការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីការពារអ្នកប្រើប្រាស់។ នេះមិនត្រឹមតែមានសារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការបន្ទាន់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្តែងកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដំបូងគេ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ ក្នុងនោះអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង RCEP នេះ នឹងផ្តល់ឱកាសក្នុងការពង្រីកអាជីវកម្ម និងទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកទៀតផង ប្រសិនបើគោលការណ៍សម្រាប់ការប្រកួតប្រជែងដោយយុត្តិធម៌ និងការការពារអ្នកប្រើប្រាស់ត្រូវបានអនុវត្តយ៉ាងសកម្មនិងពេញលេញ។
នៅក្នុងសិក្ខាសាលានោះ លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ សូមយកចិត្តទុកដាក់អនុវត្តនូវកាតព្វកិច្ចទាំងនោះស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់ ក្នុងការកសាងសង្គមឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ រួមគ្នាបង្កើតជាសមាគមអ្នកប្រើប្រាស់តាមវិស័យស្របទៅតាមច្បាប់ ដើម្បីធ្វើជាតំណាងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ឱ្យសមាជិករបស់ខ្លួនជួយរាយការណ៍ពីធុរជនទាំងឡាយណាដែលប្រព្រឹត្តសកម្មភាពមិនសុចរិតក្នុងធុរកិច្ច មកកាន់ក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. ឬទៅកាន់បញ្ញត្តិករ ឬនិយ័តករតាមវិស័យ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហារួមគ្នាឱ្យបានទាន់ពេលវេលា៕