(ព្រះសីហនុ)៖ គិតត្រឹមវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីតំបន់គិរីរម្យ បានបន្ដជន់ឡើងខ្លាំងរហូតហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ខណៈការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋមិនទាន់ត្រូវបានអាជ្ញាធរផ្អាក់នៅឡើយទេ។
សេចក្ដីរាយការណ៍ពីតំបន់ខាងលើ បានឲ្យដឹងថា កម្ពស់ទឹកបានហក់ឡើងដល់ ៦.២ម៉ែត្រ ដូច្នេះហើយបាននាំឲ្យទឹកហូរកាត់លើផ្លូវជាតិលេខ៤តែម្ដង។
ជាមួយនឹងស្ថានភាពនេះ គណៈបញ្ជាការឯកភាពស្រុកកំពង់សីលា ក៏បានដឹកនាំកម្លាំងចុះពិនិត្យ នឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះ ដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឲ្យមានផលប៉ះពាល់ ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ (ចំណុចក្រាំងអាត់ចាស់) ឃុំកំពង់សីលា ស្រុកកំពង់សីលា ដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៤២គ្រួសារ។
យ៉ាងណាក៏ដោយ អាជ្ញាធរ និងសមត្ថកិច្ច ក៏បានត្រៀមលក្ខណៈជានិច្ច ដើម្បីផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នផងដែរ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាច កើតឡើងជាយថាហេតុណាមួយ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ សូមប្រុងប្រយ័ត្នខ្ពស់។
ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឲ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងបន្តថា «ក្នុងនោះនៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យ ផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ»។