(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌតំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យស្ថានភាព និងស្រង់ស្ថិតិបច្ចុប្បន្នភាពខ្នងផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមមាត់ប្រឡាយបឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ការចុះពិនិត្យស្ថានភាព និងស្រង់ស្ថិតិប្រជាពលរដ្ឋរស់នៅតាមមាត់ប្រឡាយបឹងត្របែក ដេីម្បីបន្តគម្រោងបុកស៉ីផាយ និងត្រៀមស្តារប្រព័ន្ធលំហូរផ្លូវទឹករំដោះជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។
មន្ត្រីខណ្ឌចំការមន បានឲ្យដឹងថា ការងារចុះស្រង់ស្ថិតិនេះ ក៏មានការចូលរួមពីលោកអនុប្រធាន-មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ, លោកចៅសង្កាត់-សមាជិកក្រុមប្រឹក្សា សង្កាត់-ប្រធានភូមិសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ៕