(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ របស់រដ្ឋបាលខណ្ឌ ដើម្បីពង្រឹងវិន័យ ការងារសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ លើការធ្វើដំណើរតាមដងផ្លូវ។
ដោយសារតែបញ្ហាចរាចរណ៍មានការកកស្ទះ និងមានការកើនឡើងពីមួយថ្ងៃៗ ទៅមួយថ្ងៃ ទើបរដ្ឋបាលខណ្ឌ បានស្នើសុំឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីជួយបង្ហាត់ដល់សណ្តាប់ធ្នាប់លើ វិន័យ និងរបៀបបញ្ជៀសចរាចរណ៍ ដើម្បីសហការជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ជាមួយនគរបាល និងអាវុធហត្ថ ជាពិសេសនៅតាមគោលដៅកកស្ទះ តាមដងផ្លូវ និងនៅតាមផ្សារនានា។
លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលសាលាខណ្ឌដង្កោ បានឲ្យដឹងថា កន្លងមករដ្ឋបាលខណ្ឌ តែងបានយកចិត្តទុកដាក់ចំពោះការរស់នៅ របស់កម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ដោយបានរៀបចំឲ្យមានកន្លែងស្នាក់នៅសមរម្យ សម្លៀកបំពាក់ និងអាហារប្រចាំថ្ងៃផងដែរ ហើយចំពោះប្រាក់ឧបត្ថម្ភប្រចាំខែ គឺទទួលបានពីសាលារាជធានីភ្នំពេញយ៉ាងទៀតទាត់ ដែលពីមុនមានត្រឹម៣២មឺុនរៀល តែឥឡូវបានកើនឡើងដល់៤០មឺុនរៀលក្នុងមួយខែ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានបញ្ជូនកម្លាំងសណ្តាប់ធ្នាប់ ទៅហ្វឹកហាត់ក្បាច់គុណ ដើម្បីសុខភាពល្អ និងដើម្បីការពារខ្លួនផងដែរ។
ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានរៀបចំឲ្យមានការសំដែងក្បាច់ប្រដាល់ ដែលបានហ្វឹកហាត់កន្លងមកផងដែរ៕