(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោក ស៉ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន។ នេះបើតាមសាររំលែកទុក្ខ គោរពជូនលោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
សាររំលែកទុក្ខបានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមឯកអគ្គរាជទូត ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ស៉ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយឯកឧត្តម និងតាមរយៈឯកឧត្តម ជាមួយក្រុមគ្រួសាររបស់ឯកឧត្តម ស៉ីនហ្សូ អាបេ ក៏ដូចជា ប្រជាជនជប៉ុន និងប្រទេសជប៉ុន ចំពោះការបាត់បង់ ឯកឧត្តម ស៉ីនហ្សូ អាបេ ដែលជាអ្នកស្នេហាជាតិ និងជារដ្ឋបុរសជប៉ុនដ៏ឆ្នើមមួយរូប ដែលត្រូវបានពិភពលោកទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។ មរណភាពរបស់ឯកឧត្តម ស៉ីនហ្សូ អាបេ គឺមិនត្រឹមតែជាការបាត់បង់ដ៏ធំធេង សម្រាប់តែក្រុមគ្រួសាររបស់ឯកឧត្តម ស៉ីនហ្សូ អាបេ ប្រជាជនជប៉ុន និងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់មិត្តយូរលង់ដ៏ល្អរបស់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាផងដែរ ហើយប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងពិភពលោក មានការស្តាយស្រណោះប្រកប ដោយភាពសោកសង្រេង និងភាពអាឡោះអាល័យជាពន់ពេក»។
សាររំលែកទុក្ខបានបន្ថែមថា លោក ស៉ីនហ្សូ អាបេ ព្រមទាំងគំរូវីរភាព និងស្នាដៃដ៏ធំធេងរបស់គាត់ នឹងត្រូវបានចងចាំជានិច្ចក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ក៏ដូចជាប្រជាជនកម្ពុជាទូទៅ និងប្រជាជនក្នុងពិភពលោកផងដែរ។ ក្នុងឱកាសពោរពេញទៅដោយសេចក្តីសោកសង្រេងនេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ សូមសំដែងនូវការគោរពចំពោះដួងវិញ្ញាណក្ខន្ធរបស់លោក ស៉ីនហ្សូ អាបេ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់លោក ស៉ីនហ្សូ អាបេ បានទៅកាន់ទីឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោក អាបេ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២៕