(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃអង្គារទី១២ ខែកក្កដា ឆ្នាំ២០២២នេះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញដឹកនាំប្រតិភូខេត្ត ទៅគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំក្រុងសៀមរាប។
សូមបញ្ជាក់ថា លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពក្នុងជន្មាយុ៦៧ឆ្នាំ បន្ទាប់ពីរងការបាញ់ប្រហារដោយខ្មាន់កាំភ្លើង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងអំឡុងពេលថ្លែងឃោសនាបោះឆ្នោតនៅលើដងផ្លូវសាធារណៈ ក្នុងទីក្រុងណារ៉ា ប្រទេសជប៉ុន។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទើបតែបញ្ចប់ការកាន់មរណទុក្ខលោក អាបេ ស៊ីនហ្សូ កាលពីអាទិត្យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ លោក អាបេ ស៊ីនហ្សូ គឺជារដ្ឋបុរសមួយរូបរបស់ប្រជាជនជប៉ុន ជាឥស្សរជនមានឥទ្ធិពលលើពិភពលោក និងជាមិត្តភក្ដិបរទេសដ៏ស្និទស្នាលរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា៕