(ព្រះវិហារ)៖ លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកងកម្លាំងប៉ូលីសព្រំដែន យោធាព្រំដែន និងប្រជាពលរដ្ឋលក់ដូរផ្សារអានសេះ យកគ្រឿងចក្រចុះសម្អាតដុំថ្មដែលធ្លាក់ពីលើភ្នំ ប៉ះពាល់ដល់ផ្លូវឡើងទៅច្រកអានសេះ។
លោក វុធ តារ៉ា បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឡើងចុះ ច្រកព្រំដែអានសេះ ក៏ដូចជាដើម្បីអបអរសាទរច្រកព្រំដែនអានសេះ ដែលនឹងបើកដំណើរឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២ បានឆ្លងកាត់ឡើងវិញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ លោកបានដឹកនាំកងកម្លាំងនគរបាល យោធា ព្រំដែន លោកប្រធានច្រក និងប្រជាពលរដ្ឋផ្សារអានសេះ យកគ្រឿងចក្រទៅកាយ ឈូសសម្អាតដុំថ្មដែលធ្លាក់លើផ្លូវចេញ។
លោកអភិបាលស្រុកបានថ្លែងបញ្ជាក់ឱ្យដឹងផងដែរថា តាមពិតដុំថ្មដែលធ្លាក់មកពីលើភ្នំ ត្រង់ចំណុចចង្កេះភ្នំផ្លូវឡើងច្រកអានសេះនោះ អាជ្ញាធរស្រុកបានណែនាំក្រុមការងារចុះសម្អាតម្តងរួចមកហើយកាលពីម្សិលមិញនេះ គឺសម្អាតដោយដៃ ធ្វើយ៉ាងណារើសដុំថ្មតូចៗចេញ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរជាបណ្តោះអាសន្នសិន។
លោកថា ស្របពេលដែលច្រកព្រំដែនអានសេះនឹងបើកដំណើរការនៅប៉ុន្មានថ្ងៃខាងមុខនេះ ច្បាស់ណាស់នឹងមានប្រជាពលរដ្ឋ រថយន្ត តូច ធំ ប្រជាពលរដ្ឋបើកឆ្លងកាត់ ដូច្នេះទើបលោកសម្រេចដឹកនាំកងកម្លាំង និងយកគ្រឿងចក្រមកសម្អាតតែម្តងទៅ ហើយក៏ដើម្បីជាការអបអរសាទរថ្ងៃបើកច្រកព្រំដែនខាងមុខនេះដែរ។
សូមបញ្ជាក់ថា គ្រោះធម្មជាតិដុំថ្មធ្លាក់ពីលើភ្នំ ត្រង់ចង្កេះភ្នំផ្លូវឡើងទៅកាន់ច្រកព្រំដែនអានសេះ បានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ហើយនៅថ្ងៃម្សិលមិញនេះ អាជ្ញាធរស្រុកជាំក្សាន្ត បានប្រកាសជូនដំណឹងឱ្យពលរដ្ឋឆ្លងកាត់ផ្លូវនេះមានការប្រុងប្រយ័ត្ន ដោយដុំថ្មធំៗមួយចំនួនមិនទាន់យកចេញពីផ្លូវ ប៉ុន្តែថ្ងៃនេះដុំថ្មទាំងតូច ទាំងធំ ត្រូវបានយកចេញទាំងអស់ហើយ៕