(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញលិខិតឲ្យផ្អាកការសាងសង់ស្ថានីយប្រេងមួយកន្លែងរបស់លោកស្រី រស់ រដ្ឋា ដែលមានស្លាកយីហោ «ភីធីធី ទួលទំពូង» ស្ថិតនៅភូមិ១ សង្កាត់ទួលទំពូង ខណ្ឌចំការមន ព្រោះមិនសមស្របតាមប្លង់បច្ចេកទេស។ នេះបើតាមលិខិតរបស់ក្រសួងរ៉ែ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ។
នៅក្នុងលិខិតរបស់ខ្លួន ក្រសួងរ៉ែបានបញ្ជាក់ថា «ក្រោយពីបានចុះពិនិត្យ ទីតាំងស្ថានីយរបស់លោកស្រី រស់ រដ្ឋា រួចមក ក្រសួងរ៉ែ និងថាមពល បានពិនិត្យឃើញថាស្ថានីយនេះ ជាស្ថានីយកំពុងសាងសង់ ដោយមិនសមស្រប តាមប្លង់បច្ចេកទេសរៀបចំសុវត្ថិភាពស្ថានីយដែលត្រឹមត្រូវតាមសារាចរ របស់ក្រសួងរ៉ែ និងថាមពល»។
ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល ក៏បានចេញលិខិតណែនាំឱ្យម្ចាស់ស្ថានីយធ្វើការសាងសង់ ស្ថានីយឱ្យបានសមស្របតាមប្លង់បច្ចេកទេសរៀបចំសុវត្ថិភាពស្ថានីយដែលក្រសួងបានឯកភាព និងកែសម្រួល លក្ខណៈបច្ចេកទេសដែលបានសាងសង់រួចឱ្យបានត្រឹមត្រូវដូចខាងក្រោម៖
*ទី១៖ ទីតាំងពោងកប់ប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៦ម៉ែត្រពីលំនៅដ្ឋាន
*ទី២៖ ត្រូវសង់របងជញ្ជាំងបាំងជិតធ្វើពីវត្ថុធាតុមិនងាយឆាបឆេះ និងមានកម្ពស់អប្បបរមា ៣ម៉ែត្រ នៅរបងព្រំដីស្ថានីយដែលជាប់នឹងព្រំដីលំនៅដ្ឋាន (ប៉ែកខាងត្បូង)។
ក្នុងករណីម្ចាស់ស្ថានីយ ធ្វើការកែសម្រួលលក្ខណៈបច្ចេកទេសដូចបានរៀបរាប់ខាងលើ ការរៀបចំលក្ខណៈបច្ចេកទេសសុវត្ថិភាពស្ថានីយនេះ នឹងមានភាពសមស្រប តាមសារាចររបស់ក្រសួងរ៉ែ និងថាមពល។
ពាក់ព័ន្ធនឹងការសាងសង់ស្ថានីយប្រេងមួយកន្លែងនេះ កាលពីពេលកន្លងទៅ ប្រជាពលរដ្ឋរស់នៅក្បែរស្ថានីយ ក៏បានស្នើសុំអន្តរាគមន៍អភិបាលរាជធានីភ្នំពេញ ជួយដោះស្រាយករណីការសាងសង់ការដ្ឋាន សំណង់ប្រេងឥន្ធនៈលើផ្ទៃដីដ៏តូច និងការដំឡើងស៉ីទែនប្រេងឥន្ធនៈមានចំនួន៣ ធ្វើឱ្យក្រុមគ្រួសារពួកគាត់មានការបារម្ភជាខ្លាំងចំពោះសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ ក៏បានចុះមកផ្អាកឱ្យឈប់បណ្តោះអាសន្នយ៉ាងណាក៏ដោយ ក៏ម្ចាស់ស្ថានីយប្រេងបន្តសាងសង់ ដោយគ្មានញញើត៕