(បន្ទាយមានជ័យ)៖ អ្នកកាសែតម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើស «កំហែងយក» ដែលបានប្រព្រឹត្តនៅចំណុចភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីអំឡុងឆ្នាំ២០២០។
សេចក្ដីរាយការណ៍បានឲ្យដឹងថា បុគ្គលឈ្មោះ ហ៊ាង លីហាក់ អាយុ៥២ឆ្នាំ មុខរបរអ្នកកាសែត ស្នាក់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំនេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទីដែលរួចគេកំពុងសំងំលាក់ខ្លួន រត់គេចពីការតាមចាប់។
ក្នុងដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក អែម សុទ្ធសច្ចា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ឈ្មោះ ហ៊ាង លីហាក់ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «កំហែងយក» ប្រព្រឹត្តនៅចំណុចភូមិអូរពកសាមគ្គី ឃុំមានរឹទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ អំឡុងឆ្នាំ២០២០កន្លងមក បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣ និង៣៦៤ នៃក្រមព្រហ្មទណ្ឌ។
គួរជម្រាបថា កាលពីឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ ហ៊ាង លីហាក់នេះម្ដងរួចមកហើយ ពាក់ព័ន្ធបទល្មើស ឆបោក ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ, ខេត្តកំពង់ធំ និងខេត្តសៀមរាប។
សេចក្ដីរាយការណ៍ផ្សេងទៀត ក៏បានបញ្ជាក់ថា បុគ្គលអ្នកកាសែតរូបនេះ មានរឿងអាស្រូវជាច្រើន ហើយក៏ធ្លាប់គំរាមកំហែង និងជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ពិសេសអ្នកប្រកបរបរគ្រឿងចក្រជាច្រើននាក់ផងដែរ។ កន្លងទៅថ្មីៗនេះ បុគ្គល ហ៊ាង លីហាក់ បានជំរិតទារប្រាក់ពីប្រជាពលរដ្ឋម្នាក់ នៅស្រុកស្ទោង ប្រមាណជាង១៧លានរៀល ជាថ្នូរនឹងការមិនចុះផ្សាយ និងសន្យារត់ការយកគ្រឿងចក្រមកវិញជាដើម៕