(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកបច្ច័យបុណ្យលោកអនុសេនីយ៍ឯក សោម សម្បត្តិ នាយរងផ្នែក ដែលបានទទួលមរណភាពក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១:៤០នាទី នៅគេហដ្ឋាន។

នាឱកាសនោះដែរ លោកវរសេនីយ៍ឯក សែម រតនា បាននាំបច្ច័យសរុប ៦លានរៀល ក្នុងនោះបច្ច័យបុណ្យរបស់ឧត្តមសេនីយ៍ឯក ស ថេត សរុបចំនួន២លានរៀន និងបច្ច័យបុណ្យរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន៤លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងភេជ្ជៈមួយចំនួន ជូនលោកស្រី បូ សុផល ត្រូវជាភរិយាសព។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារ កំពុងរៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរីវ៉ារីណា ផ្ទះលេខ៦ ផ្លូវលេខ៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕